ឯកឧត្ដមរដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ


នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ដែលប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាលដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ និងលោក លោកស្រី ជាអគ្គនាយករង អគ្គាធិការរង អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល អនុប្រធាននាយកដ្ឋាន អនុប្រធានមជ្ឈមណ្ឌល ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណជិត ៤០០នាក់។


បន្ទាប់ពីប្រគល់អនុក្រឹត្យ និងប្រកាស ព្រមទាំងការប្តេជ្ញាចិត្តរបស់ លោក ណុច រ៉ាម៉ូ ប្រធានលេខាធិការដ្ឋាន តំណាងឱ្យមន្រ្តីរាជការដែលទើបទទួលការតែងតាំងថ្មីរួចមក ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងថា នេះជាការតែងតាំងតួនាទីថ្មីក៏ពិតមែន តែដើម្បីផ្សារភ្ជាប់ទំនួលខុសត្រូវក្នុងការអនុវត្តការងារឱ្យកាន់តែប្រសើរបន្ថែមទៀត ត្រូវពង្រីកសមត្ថភាព និងគុណភាពស្នាដៃការងាររបស់ខ្លួន ក្នុងការចូលរួមបន្តបេសកកម្មរបស់ក្រសួងមុខងារសាធារណៈ ក្នុងនីតិកាលទី៦ និងបំពេញបេសកកម្មស្នូល ក្នុងនីតិកាលទី៧ ក្នុងបរិបទថ្មីនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ដើម្បីរួមចំណែកក្នុងការអនុវត្តការងារស្នូលរបស់ក្រសួង ការងារកែទម្រង់ វិធានការគន្លឹះ របស់រាជរដ្ឋាភិបាល ព្រមទាំងចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ឱ្យមានប្រសិទ្ធភាពខ្ពស់។


សូមជម្រាបដែរថា ពិធីប្រកាសចូលកាន់មុខតំណែង នាពេលនេះ យោងតាមអនុក្រឹត្យ និងប្រកាស មានមន្ត្រីរាជការក្រសួងមុខងារសាធារណៈចំនួន ៣៤៤ រូប ត្រូវបានទទួលការតែងតាំង និងប្រគល់ភារកិច្ចថ្មី ចាប់ពីប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន អនុប្រធាននាយកដ្ឋាន អនុប្រធានលេខាធិការដ្ឋាន អនុប្រធានមជ្ឈមណ្ឌល ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ តាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១