កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរាជរដ្ឋាភិបាល
នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ មានកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ឯកឧត្តមរដ្ឋមន្រ្តី ឡាំ ជា អមដោយឯកឧត្តមរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តមតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំនិងអង្គភាពជំនាញ របស់ក្រសួងមុខងារសាធារណៈ មានចំនួនសរុប ៣៥នាក់។
បន្ទាប់ពី ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តី កិច្ចការព្រំដែន បានសង្ខេបរបាយការណ៍វឌ្ឍនភាពការងារ និងបេសកកម្ម ព្រមទាំងការប្រព្រឹត្តទៅនៃសេចក្តីព្រាងអនុក្រឹត្យ រួចមក អង្គប្រជុំបានពិនិត្យ និងពិភាក្សាបន្ថែមក្នុងគោលបំណងកែសម្រួលនៅចំណុចខ្វះខាតសម្រាប់ជាធាតុចូល។
ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានឯកភាពទៅលើចំណុចមួយចំនួនរួមមាន៖ ១)កែសម្រួលទៅលើមូលបទអនុក្រឹត្យ ២)កំណត់កែសម្រួលនិងដកចេញជំពូក និងមាត្រាមួយចំនួន ៣)កំណត់កែសម្រួលខ្លឹមសារមួយចំនួន របស់ជំពូកនិងមាត្រា និង ៤)កំណត់បែងចែកការងារអនុវត្តដល់អង្គភាពជំនាញពាក់ព័ន្ធ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការអនុវត្តការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងបានណែនាំដល់អង្គប្រជុំដែលទទួលបន្ទុកលើការងារនីមួយៗ ត្រូវទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តនិងពន្លឿនការងារ ដើម្បីសម្រេចនូវលទ្ធផលបានទាន់ពេលវេលា ដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច៕