កិច្ចប្រជុំបូកសរុបលទ្ធផលបច្ចុប្បន្នភាពទិន្នន័យទីប្រឹក្សា ជំនួយការ ដែលក្រសួង-ស្ថាប័ន គ្រប់គ្រងដោយផ្ទាល់ និងទីប្រឹក្សា ជំនួយការដែលមានឈ្មោះនៅតាមក្រសួង-ស្ថាប័ន ប៉ុន្តែបម្រើនៅថ្នាក់ក្រោមជាតិ


នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលទិន្នន័យបច្ចុប្បន្នភាពទីប្រឹក្សា ជំនួយការ ដែលក្រសួង-ស្ថាប័ន គ្រប់គ្រងដោយផ្ទាល់ ទីប្រឹក្សា ជំនួយការ ដែលមានឈ្មោះនៅតាមក្រសួង-ស្ថាប័ន ប៉ុន្តែបម្រើនៅថ្នាក់ក្រោមជាតិ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ សរុបជិត ៣០០នាក់។


ដើម្បីជាមូលដ្ឋានដល់កិច្ចពិភាក្សាក្នុងកិច្ចប្រជុំ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍សង្ខេប ស្តីពីបច្ចប្បន្នភាពនៃការគ្រប់គ្រងទីប្រឹក្សា ជំនួយការ របស់ក្រសួង-ស្ថាប័ន និងថ្នាក់ក្រោមជាតិ រួមទាំងការលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។


បន្ទាប់ពីកិច្ចពិភាក្សា ពិគ្រោះយោបល់ ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន រួចមក ឯកឧត្តម យក់ ប៊ុនណា បានធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំ ដោយកំណត់យន្តការរៀបចំប្រព័ន្ធបៀវត្សប្រាក់បំណាច់មុខងាររបស់ទីប្រឹក្សា ជំនួយការ រួមមាន៖ ១-រៀបចំប្រាក់បំណាច់មុខងារ ទៅតាមប្រភេទក្របខណ្ឌ ឬមុខតំណែងដោយស្នើឱ្យធ្វើបម្រែបម្រួលស្ថានភាពរដ្ឋបាល ២-ករណីទីប្រឹក្សា ជំនួយការ មិនមែនជាមន្ត្រីរាជការ ត្រូវមានលិខិតឯកត្តភូត (ព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស) ប្រសិនមិនមានលិខិតបញ្ជាក់ ក្រសួងមុខងារសាធារណៈនឹងកាត់ចេញពីប្រព័ន្ធ ៣-កំណត់ការបើកប្រាក់បំណាច់មុខងារ ទីប្រឹក្សា ជំនួយការ មិនមែនជាមន្ត្រីរាជការ ត្រូវអនុវត្តតាមប្រព័ន្ធធនាគារ។


គួររម្លឹកផងដែរថា ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្អាកការតែងតាំង ទីប្រឹក្សា ជំនួយការ ដោយទុកពេលវេលារយៈពេល ៦ខែ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ដើម្បីឱ្យមន្ត្រីរាជការដែលមានតួនាទីជាទីប្រឹក្សា ជំនួយការ ដើម្បីពង្រឹងគោលការណ៍ឋានានុក្រមរដ្ឋបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ទីប្រឹក្សា ជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១