កិច្ចប្រជុំពិភាក្សា និងពិនិត្យលើផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ.
នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាង ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងទីប្រឹក្សា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិកអចិន្ត្រៃយ៍ នៃក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. សរុបប្រមាណ ៥០ រូប។
គោលបំណងនៃកិច្ចប្រជុំនាពេលនេះគឺពិភាក្សាពិគ្រោះយោបល់ និងប្រមូលធាតុចូលនិងមតិយោបល់ពីអង្គប្រជុំតំណាង ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងទីប្រឹក្សា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីជាមូលដ្ឋានក្នុងការកែសម្រួលផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ.។
អង្គប្រជុំបានប្រព្រឹត្តទៅតាមរយៈការរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. ដោយ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ស. និងការធ្វើបទបង្ហាញអំពីផែនការសកម្មភាពដោយ ប្រធានក្រុមការងារបច្ចេកទេសនីមួយៗ។
ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានណែនាំ និងធ្វើការតម្រង់ទិសបន្ថែមទៀតដល់ក្រុមការងារបច្ចេកទេសនីមួយៗ ត្រូវគិតគូរទៅលើចំណុចសំខាន់ៗចំនួន ៤ ដើម្បីទទួលបានភាពជោគជ័យក្នុងការអនុវត្តផែនការសកម្មភាពរួមមាន៖
(១)ក្របខណ្ឌពេលវេលា
(២)យន្តការស្ថាប័នសម្រាប់ការអនុវត្ត
(៣)ប្រភពថវិកាគាំទ្រការអនុវត្ត
(៤)ការរៀបចំស្តង់ដារក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
អង្គប្រជុំបានប្រព្រឹត្តទៅក្នុងស្មារតីជាក្រុមប្រកបដោយភាតរភាព សាមគ្គីភាព យោគយល់ និងប្រកបដោយស្មារតីទទួលខុសត្រូវនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអនុវត្តការងារកែទម្រង់វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕