បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅពីកុមារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅស្ពានពាមទេរ ស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្តក្រចេះទាំងពីរគណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត លោកតា លោកយាយ អ៊ំ ពូ មីង លោកគ្រូ អ្នកគ្រូ ប្អូនៗយុវជន និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ២,១៤០ អង្គ/នាក់។


ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សាងសង់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានសង្ខេបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល ការអភិវឌ្ឍ និងការងារសាងសង់បុស្បុករូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ កាលពីកុមារ។ ឯកឧត្តម ក៏បានបញ្ជាក់ឱ្យដឹងថា “សម្រាប់ខេត្តក្រចេះ ក្នុងពេលកន្លងទៅ សម្តេចតេជោ បានយកចិត្តទុកដាក់ និងជួយទំនុកបម្រុងជីវភាពចំពោះប្រជាជនទូទៅ និងបានខិតខំអស់យកអស់កម្លាំងកាយចិត្តស្វែងរកប្រភពធនធានមកអភិវឌ្ឍន៍នៅក្នុងទឹកដីខេត្តក្រចេះ ដោយបានប្រើប្រាស់ទាំងថវិការដ្ឋ ថវិកាផ្ទាល់ខ្លួន និងជំនួយពីប្រទេសជាមិត្ត បង្កើតបានជាសមិទ្ធផលជាច្រើន ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា៖ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ផ្លូវលំក្រាលក្រួសក្រហម ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងស្ពានថ្មបេតុង ព្រមទាំងសមិទ្ធផលនានា ដែលជាទ្រព្យដ៏មហាសាលជូនដល់ប្រជាជនក្នុងខេត្តក្រចេះ។ ប្រជាជនក្នុងខេត្តក្រចេះ សូមចារឹកទុកក្នុងបេះដូងនូវសមិទ្ធផល ជាប្រវត្តិសាស្ត្រនៃយុគសម័យតេជោដ៏រុងរឿង”។


បុស្បុករូបសំណាកនេះ គឺជាបង្ហាញការនឹករលឹក បដិបត្តិ និងចងចាំអំពីប្រវត្តិតស៊ូរបស់ សម្ដេចតេជោ ជាកូនកសិករម្នាក់នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានពុះពារខិតខំប្រឹងប្រែងរៀនសូត្រ និងបន្តការសិក្សានៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ ដោយស្នាក់អាស្រ័យ និងទទួលការមើលថែ ផ្គត់ផ្គង់ពីព្រះគ្រូធម្មាចារ្យ គឹម ច្រែង។ រូបសំណាក ព្រះគ្រូធម្មាចារ្យ និងសម្ដេចតេជោ កាលនៅពីកុមារ ត្រូវបានសាងសង់ឡើង ដើម្បីទុកជាការរំលឹក និងចងចាំអំពីប្រវត្តិរបស់សម្ដេចតេជោ កាលនៅពីកុមារ ដែលធ្លាប់រស់នៅជាមួយ ព្រះគ្រូធម្មាចារ្យ។ ដោយរូបសំណាកពីមុនធ្វើពីបេតុង(សាងសង់រួចរាល់ថ្ងៃទី ១៨ មីនា ឆ្នាំ២០០៣) មានសភាពចាស់ទ្រុឌទ្រោម ទើបសម្ដេចតេជោ បានណែនាំឱ្យរៀបចំសាងសង់ឡើងជាថ្មី ដែលធ្វើឡើងពីស្ពាន់សុទ្ធ។


ក្នុងភាពជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី បាននាំប្រសាសន៍ ផ្តាំផ្ញើរការសួរសុខទុក្ខ ដល់លោកតា លោកយាយ អ៊ំ ពូ មីង ប្អូនៗយុវជន ពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជា សម្តេចធិបតី នាយករដ្ឋមន្ត្រី ផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ សមិទ្ធផលដែលយើងកំពុងសម្ពោធនាពេលនេះ និងសមិទ្ធផលដទៃទៀត មិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានសន្តិភាព និងស្ថិរភាពនយោបាយ ដែលកម្ពុជាសម្រេចបានដោយលំបាក ក្រោមការថ្នាក់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត។ លើមូលដ្ឋានគ្រឹះនៃសន្តិភាពនេះ និងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើន ដើម្បីប្រជាពលរដ្ឋគ្រប់រូបគ្រប់ជំនាន់ នឹងអាចបន្តទទួលបានប្រយោជន៍ពីសុខសន្តិភាព និងសមិទ្ធផលនៃការអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ទៀត។


ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី បានប្តេជ្ញាបង្កើនសមិទ្ធផលនានាបន្ថែមទៀត ជូនសង្គមជាតិ និងប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន ដែលសមិទ្ធផលទាំងនោះនឹងចូលរួមលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប មិនថាជាមន្រ្តីរាជការ ឬជាប្រជាកសិករនោះទេ។ ប្តេជ្ញាចិត្តជំរុញ ជាអាទិភាពនូវគោលនយោបាយជាច្រើន ដែលនឹងសម្រេចជាប្រយោជន៍ រួមមាន៖ ១.ការពង្រីក និងពង្រឹងគុណភាពសេវាថែទាំសុខភាព ជូន ដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន ២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ៣.ការពង្រឹងគុណភាព សាលារដ្ឋ ពីមតេ្តយ្យសិក្សារហូតដល់វិទ្យាល័យ ៤.ការផ្តល់ឱកាសដោយស្មើភាព ដល់យុវជនមានសមត្ថភាពឱ្យក្លាយជាមន្រ្តីរាជការ តាមរយៈការប្រឡងដោយត្រឹមត្រូវ និងយុត្តិធម៌ ៥.គោលនយោបាយ និងសកម្មភាពជាច្រើនទៀត ដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ ទៅប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១