គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ. បន្តចុះវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពអនុវិទ្យាល័យ ក្នុងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ


នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈកម្មការបច្ចេកទេសអន្តរក្រសួង និងក្រុមការងារលេខាធិការនៃ គ.វ.ជ. ចុះអនុវត្តការវាយតម្លៃនៅទីតាំងជាក់ស្ដែងបេក្ខភាពអនុវិទ្យាល័យ ក្នុងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។ ក្នុងដំណើរការវាយតម្លៃនេះ មានការចូលរួមដោយ គណៈកម្មការបច្ចេកទេសអន្តរក្រសួងនិងក្រុមការងារលេខាធិការនៃគ.វ.ជ. អភិបាលរងនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរអប់រំ យុវជន និងកីឡា តំណាងមន្ទីរមុខងារសាធារណៈ តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីរសុខាភិបាល អភិបាលរងក្រុងច្បារមន តំណាងការិយាល័យអប់រំ យុវជន និងកីឡាក្រុងច្បារមន តំណាងរដ្ឋបាលសង្កាត់ មេភូមិ គណៈកម្មការគ្រប់គ្រងសាលារៀន តំណាងមាតាបិតាសិស្ស តំណាងសហគមន៍ នាយិកា នាយករង-នាយិការង និងលោកគ្រូ អ្នកគ្រូនៃអនុវិទ្យាល័យ។


ការវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពអនុវិទ្យាល័យ ក្នុងគោលបំណងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ សាកសួរព័ត៌មានពីភាគីពាក់ព័ន្ធ និងវាយតម្លៃដាក់ពិន្ទុនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាព ដោយមានការបែងចែកជាក្រុមគោលដៅ ដើម្បីធ្វើការវាយតម្លៃដោយផ្ដោតលើលក្ខណៈវិនិច្ឆ័យគោលចំនួន៨ រួមមាន៖ ១.ស្ដង់ដាសេវាសាធារណៈ ២.ស្ដង់ដា ឬ និយាមនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ៣.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ៤.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ៥.ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព ៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ៧.ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ និងសហគមន៍ និង៨.ការផ្តួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរ។


ជាលទ្ធផល ដោយសារមានការសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ. បានធ្វើការចុះវាយតម្លៃជាក់ស្ដែងដល់ទីតាំង បានបញ្ចប់ដោយជោគជ័យ និងប្រកបដោយបរិយាកាសរីករាយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១