ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបជាមួយគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងមុខងារសាធារណៈ ដើម្បីប្រជុំពិនិត្យ និងតម្រង់ទិសការងារកំណែទម្រង់មជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងមុខងារសាធារណៈ


នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបជាមួយគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងមុខងារសាធារណៈ ដើម្បីប្រជុំពិនិត្យ និងតម្រង់ទិសការងារកំណែទម្រង់មជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងមុខងារសាធារណៈ។


– ដឹកនាំ សម្របសម្រួលកិច្ចដំណើរការនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យមុខងាសាធារណៈ

– ដឹកនាំ សម្របសម្រួលនិងគាំទ្រដល់ការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំនៃការងារកំណែទម្រង់មជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យមុខងារសាធារណៈ និងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ

– ដឹកនាំ សម្របសម្រួលនិងគាំទ្រដល់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពនានាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសកម្មភាពកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការស្របតាមផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ

– ដឹកនាំ សម្របសម្រួលនិងសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីផ្តល់ការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យ ឬកិច្ចការអាទិភាព របស់ក្រសួងមុខងារសាធារណៈ

– តាមដាន ត្រួតពិនិត្យជាប្រចាំលើការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យមុខងារសាធារណៈ ស្របតាមសេចក្តីសម្រេចរួម ដែលបានឯកភាពគ្នារវាងក្រសួងមុខងារសាធារណៈ ជាមួយនឹងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ស្តីពីការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ របស់ គ.ជ.អ.ប.

– រៀបចំបាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈម នៃការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងមុខងារសាធារណៈ ដើម្បីផ្ញើជូន គ.ជ.អ.ប តាម កាលកំណត់។


ក្នុងជំនួបនេះ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ បានរាយការណ៍សង្ខេបពីសាវតារ ទិសដៅការងារ និងខ្លឹមសារសេចក្តីសម្រេច ព្រមទាំងលិខិតូបករណ៍នានាពាក់ព័ន្ធនឹងការងារវិមជ្ឈការនិងវិសហមជ្ឈការនៃក្រសួងមុខងារសាធារណៈ។ បន្ទាប់មកអង្គប្រជុំបានបញ្ចេញមតិយោបល់ទៅលើបញ្ហាក្នុងការអនុវត្តការងារជាក់ស្តែងនាពេលកន្លងមកសម្រាប់ជាធាតុចូលក្នុងការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។


ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដោយកោតសរសើរលទ្ធផលការងារកន្លងមក និងជំរុញទឹកចិត្តឱ្យក្រុមការងារបន្តអនុវត្តការងារបន្ថែមទៀត ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារស្នូលរបស់ខ្លួនផង និងពិនិត្យតាមដានវាយតម្លៃនូវបញ្ហាដែលកើតឡើងផង ដើម្បីរម្លឹក ឬ រៀបចំប្រជុំពិគ្រោះយោបល់ក្នុងការដោះស្រាយបញ្ហាជាបន្ទាន់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមផ្សំជាមួយនឹងយន្តការក្រសួងមុខងារសាធារណៈ ដែលជាស្នូលនៃក្រសួងផង និងគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈផង ព្រមទាំងគណៈកម្មការជាតិជំរុញកិច្ចការគន្លឹះផង សូមខិតខំប្រឹងប្រែងបំពេញការងារជាមួយគ្នា និងប្រទាក់ក្រឡាគ្នា ដើម្បីសម្រេចនូវគោលបំណងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។


ជំនួបនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ លោក លោកស្រីជាអគ្គាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំពាក់ព័ន្ធ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១