សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការរៀបចំវេទិកា “ជំនុំច្បាប់ខ្មែរ” លើកទី១


វេទិកា “ជំនុំច្បាប់ខ្មែរ” លើកទី១ ត្រូវបានរៀបចំនៅសាលាភូមិន្ទរដ្ឋបាល ដោយមានអញ្ជើញជាគណៈធិបតីក្នុងពិធីបើកពីសំណាក់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាង ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និង ឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម ព្រមទាំងមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។


នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទវេទិកា“ជំនុំច្បាប់ខ្មែរ” លើកទី១ បានមានប្រសាសន៍គូសបញ្ជាក់ថា “វេទិកាស្តីពីទំនៀមជំនុំច្បាប់ខ្មែរ” ជាឱកាសសម្រាប់ការបង្ហាញ និងការពិភាក្សាក្នុងក្របខណ្ឌបើកចំហរ ដោយផ្តោតសំខាន់លើប្រពៃណី វិធីសាស្ត្រ និងការអនុវត្តដែលមានពីពេលមុនមក និងដែលមានការប្រែប្រួលលើការជំនុំ វិធីសាស្ត្រ ឬរបៀបនៃការជំនុំច្បាប់។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តាំផ្ញើទៅអង្គវេទិកាទាំងមូល ជាពិសេសិស្សមន្ត្រីក្រមការ និងមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ សូម៖ ១. បន្តផ្សព្វផ្សាយ និងបញ្ជ្រាបនូវចំណេះដឹងដែលទទួលបានពីវេទិកានេះ ជូនដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ២.បន្តសិក្សាស្រាវជ្រាវ និងចងក្រងបន្ថែមទៀត នូវស្នាដៃថ្មីៗពាក់ព័ន្ធនឹងគុណតម្លៃគតិយុត្តិ គុណតម្លៃវប្បធម៌ គុណតម្លៃប្រវតិ្តសាស្ត្រ និងគុណតម្លៃអប់រំ និង៣.បន្តរៀបចំវេទិកាស្តីពីទំនៀមជំនុំច្បាប់ខ្មែរ ក្នុងដំណាក់កាលនៃច្បាប់ទំនើប ដើម្បីឆ្ពោះទៅកាន់ “វប្បធម៌នីតិរដ្ឋ”។


សូមជម្រាបផងដែរថា អង្គពិធីក៏មានការធ្វើបទបង្ហាញរបស់វាគ្មិន ជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៦ ផងដែរ ព្រមទាំងមានការចូលរួមពីសំណាក់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងសិស្សមន្ត្រីក្រមការជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណជាង ២០០នាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១