ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបប្រតិភូនិស្សិតកម្ពុជាដែលទទួលជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលសេឡង់


ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ សម្រាប់ឆ្នាំ២០២៤ ចំនួន ៣២នាក់ (ស្រី១៩នាក់) ជួបសម្តែងការគួរសម និងសំណេះសំណាល មុនការចេញដំណើរទៅសិក្សានៅប្រទេសនូវែលសេឡង់ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។


ផ្តើមនៃកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងប្រសាសន៍បណ្តាំផ្ញើការសាកសួរសុខទុក្ខ និងការអបអរសាទររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់ប្អូនៗទាំងអស់ដែលទទួលបានឱកាសទៅសិក្សានៅក្រៅប្រទេស និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយចាត់ទុកធនធានមនុស្សជាអាទិភាព ហើយការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ក៏ជាមុំនៃស្នូលបញ្ចកោណផងដែរ។


ជាមួយនឹងការសាទរចំពោះបេសកកម្មបន្តការសិក្សារបស់ប្រតិភូនិស្សិត ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកនូវភាពសំខាន់នៃមូលដ្ឋានចំណេះដឹង និងការប្រើប្រាស់ ដោយបានលើកឡើងថា មូលដ្ឋាននៃចំណេះដឹង គឺជាកត្តាសំខាន់ តែការចេះប្រើប្រាស់ចំណេះដឹងឱ្យត្រូវនឹងបរិបទ ចំគោលដៅ ស្របជាមួយនឹងមធ្យោបាយដែលមានក្នុងដៃ រឹតតែសំខាន់ក្នុងការឈានទៅការសម្រេចជោគជ័យ។


ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលរបស់ធនធានមនុស្សកម្ពុជា ហើយជឿកជាក់ថាប្រតិភូនិស្សិតកម្ពុជាគ្រប់ៗរូប នឹងខិតខំប្រឹងប្រែងក្នុងការសម្រេចជោគជ័យក្នុងការសិក្សា ហើយត្រលប់មកវិញរួមគ្នាប្រើប្រាស់សមត្ថភាព កម្លាំងរួម ក្នុងទិសដៅរួមតែមួយ ដើម្បីចូលរួមបន្តរក្សាភាពធន់ និងសមត្ថភាពរបស់កម្ពុជាក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។


សូមជូនពរដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ដែលនឹងត្រូវចេញដំណើរទៅសិក្សានាពេលដ៏ខ្លីខាងមុខនេះ សូមទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញនាំមកនូវកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១