កិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ក្រុមការងារបច្ចេកទេសទាំង៣ក្រុម នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ.


នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធាន អនុគណៈកម្មាធិការប្រតិបត្តិ នៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល សាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ សេចក្តីព្រាងផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ក្រុមការងារបច្ចេកទេសទាំង៣ក្រុម នៃអនុគណៈកម្មាធិ ការ ប្រតិបត្តិ គ.វ.រ. ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ និងសមាជិកក្រុមការងារបច្ចេកទេសទាំង៣ក្រុម របស់អនុគណៈកម្មាធិការប្រតិបត្តិ នៃ គ.វ.រ. និងអនុគណៈកម្មាធិការទាំង៤ នៃ គ.ក.ស. សរុបចំនួន ៦៥ រូប។


គោលបំណងនៃកិច្ចប្រជុំពិភាក្សានាពេលនេះគឺដើម្បីពិនិត្យសេចក្តីព្រាងផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ.។


កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរយៈការធ្វើបទបង្ហាញនិងការរាយការណ៍អំពីសេចក្តីព្រាងផែនការសកម្មភាពជាយុទ្ធសាស្ត្រ ដោយប្រធានក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. ព្រម ទាំង កិច្ចពិភាក្សានិងការផ្តល់យោបល់ដើម្បីធ្វើការកែសម្រួលផែនការសកម្មភាពជាយុទ្ធសាស្ត្រដែលបានដាក់ចេញជាសេចក្តីព្រាងនេះ។


ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំ និងធ្វើការតម្រង់ទិសបន្ថែមដល់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ.ដើម្បីធ្វើយ៉ាងណារៀបចំផែនការសកម្មភាពឱ្យឆ្លើយតប ទៅនឹងវិធានការគន្លឹះទាំង៣ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលដែលរួមមាន ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និងការរៀបចំប្រព័ន្ធលើកទឹកចិត្ត គាំទ្រ ផ្អែកលើសមិទ្ធិកម្ម ព្រមទាំងឆ្លើយតបទៅនឹងការគាំទ្រ ដល់ការកែទម្រង់លើវិធានការគន្លឹះក្នុងវិស័យអប់រំ និង វិស័យសុខាភិបាលផងដែរ ។


អង្គប្រជុំបានប្រព្រឹត្តទៅក្នុងស្មារតីជាក្រុមប្រកបដោយភាតរភាព សាមគ្គីភាព យោគយល់ និងប្រកបដោយ ស្មារតី ទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអនុវត្តការងារកែទម្រង់វិធាន ការគន្លឹះរបស់ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១