ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ក្រសួងមុខងារសាធារណៈ បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការផ្ទេរមុខងារលើវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ
កិច្ចប្រជុំបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិកនៃគណៈកម្មការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានសមាសភាពចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំរបស់ក្រសួងមុខងារសាធារណៈ ព្រមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ សរុបប្រមាណ ៦០នាក់។
ឯកឧត្តមប្រធាន បានរម្លឹកពីរបាយការណ៍វឌ្ឍនភាពការងារនៃកិច្ចប្រជុំពិភាក្សាកន្លងមក និងមានប្រសាសន៍តម្រង់ទិសជូនអង្គប្រជុំពីកិច្ចការងារដែលនឹងត្រូវពិភាក្សាក្នុងការអនុវត្តបន្ត ទៅលើរបៀបវារៈទាំង២ រួមមាន៖
១.ពិនិត្យលើការងារសមាហរណកម្ម ផ្ទេរបុគ្គលិកសិក្សានៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
២.ពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្ដីណែនាំអន្តរក្រសួង ស្តីពីលក្ខខណ្ឌ លក្ខណៈវិនិច្ឆ័យ យន្តការ និងនីតិវិធីនៃការតែងតាំងនាយក នាយិកា នាយិការង នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងបឋមសិក្សាសាធារណៈ។
អង្គប្រជុំបានចូលរួមផ្តល់ជាមតិយោបល់ជាធាតុចូលជាច្រើនពីតំណាងក្រសួង-ស្ថាប័ន នីមួយៗក៏បានរាយការណ៍ពីស្ថានភាពរបាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈម និងឯកភាពទៅលើចំណុចសំខាន់ៗ រួមមាន៖
១)កំណត់ចំនួននៃការផ្ទេរបុគ្គលិកសិក្សា មតេយ្យ និងបឋម ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ
២)នីតិវិធីនៃការផ្ទេរបុគ្គលិកសិក្សា
៣)នីតិវិធីនៃការគ្រប់គ្រងស្ថានភាពគ្រូបង្រៀនថ្នាក់ក្រោមជាតិ
៤)នីតិវិធីនៃការបើកប្រាក់បៀវត្សជូនគ្រូបង្រៀន
៥)នីតិវិធីនៃការចេញដីការរបស់ក្រុង ស្រុក
៦)ទម្រង់នៃការតែងតាំង និងលក្ខខណ្ឌនៃការតែងតាំង និង
៧)យន្តការអនុលោម និងនីត្យានុកូលភាព៕