ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រជុំវាយតម្លៃ និងពិនិត្យឡើងវិញលើដំណើរការនៃការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ដើម្បីរៀបចំនិយាម(SOP)

ឆ្ពោះទៅកាន់ការប្រឡងនាថ្ងៃអនាគត


នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំ ស្តីពីការវាយតម្លៃ និងពិនិត្យឡើងវិញលើដំណើរការនៃការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០កន្លែង ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ជាប្រធាន អនុប្រធាននៃអនុគណកម្មការរៀបចំការប្រឡងប្រជែង និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ។


កិច្ចប្រជុំនាថ្ងៃនេះ ជាការពិនិត្យ វាយតម្លៃ និងពិភាក្សា ដើម្បីជាមូលដ្ឋានឈានដល់ការរៀបចំនិយាមនៃការប្រឡងប្រជែងទៅថ្ងៃអនាគត ដោយពិភាក្សាលើប្រធានបទសំខាន់ៗ សំដៅដល់ការរៀបចំដំណើរការនៃការប្រឡងឱ្យបានកាន់តែរលូន និងដើម្បីផ្តល់ភាពយុត្តិធម៌ ភាពងាយស្រួលដល់បេក្ខជនដែលចូលរួមប្រឡងប្រជែង ទាំងពេលវេលាសម្រាប់ការផ្សព្វផ្សាយ ការបង់វិភាគទាន និងការងារសម្របសម្រួលផ្សេងៗទៀត។ លទ្ធផលដ៏ជោគជ័យនៃការរៀបចំការប្រឡងប្រជែងមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌​ បរិយាបន្ន និងប្រសិទ្ធភាព ហើយការប្រឡងជាលើកដំបូងសម្រាប់អាណត្តិទី៧ នៃរដ្ឋសភានេះ​ ទទួលបានការសាទរ និងកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំ និងមជ្ឈដ្ឋានមហាជន រួមទាំងបេក្ខជនគួរជាទីមោទនៈ។


សូមជម្រាបថា អង្គប្រជុំបានរាយការណ៍ និងលើកមតិយោបល់យ៉ាងផុសផុល ក៏ដូចជាបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងពេលបំពេញការងារជាក់ស្តែង ពីតំណាងក្រសួង អង្គភាព និងប្រធាន អនុប្រធានអនុគណកម្មការនានា ទាំងដំណើរការមុនការប្រឡង ពេលប្រឡង និងក្រោយការប្រឡង សម្រាប់ជាធាតុចូលក្នុងការរៀបចំការប្រឡងប្រជែងនៅពេលខាងមុខទៀត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១