ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់អនុសាសន៍លើភារកិច្ចស្នូល ៥ចំណុច ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី ការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ចំនួន១៨៨នាក់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ស្ពឺ។
ថ្ល្ថែងក្នុងកិច្ចប្រជុំ ក្រៅពីការជូនជាសេចក្តីណែនាំក្នុងនាមជាប្រធាន ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍លើភារកិច្ចស្នូលចំនួន ៥ចំណុច ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលទើបចាត់តាំងថ្មី រួមមាន៖ (១)លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន ដោយត្រូវសហការធ្វើការផ្សព្វផ្សាយដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និង ប្រជាពលរដ្ឋនៅមូលដ្ឋានអំពីកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ កម្មវិធីកំណែទម្រង់ និងវិធានការនានារបស់រាជរដ្ឋាភិបាល សំដៅលើក កម្ពស់ការគាំទ្រការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានានៅមូលដ្ឋាន (២)សហការគាំទ្រដល់មូលដ្ឋានដែលក្រុមការងារចុះបំពេញការងារ ធ្វើការវាយតម្លៃអំពី សមត្ថភាពស្ថាប័ន ធនធានមនុស្ស និងសក្តានុពលនៃការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហា ប្រឈមនានានៅក្នុងមូលដ្ឋាន ដើម្បីធ្វើការគាំទ្រដល់មូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាព សម្រាប់អនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវា សាធារណៈ និងការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានា នៅមូលដ្ឋានឱ្យបានទាន់ពេល វេលា និងមានប្រសិទ្ធភាព (៣) ជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន ក្នុងការបំពេញការងារ ស្របតាមតួនាទី និងសមត្ថកិច្ចរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព (៤)សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងចុះជួបប្រាស្រ័យដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីស្វែងយល់ដោយផ្ទាល់នូវកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីសហការជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរមាន សមត្ថកិច្ចធ្វើការដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដោយផ្អែកលើ ច្បាប់ និងលិខិតបទដ្ឋានជាធរមាន និង(៥)កៀរគរធនធាន មធ្យោបាយ សម្ភារៈពីគ្រប់ប្រភពស្របច្បាប់នានា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន កសាងសមិទ្ធផលសង្គម និងដោះស្រាយឆ្លើយតបសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ៕