ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសពិនិត្យការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងមុខងារសាធារណៈ ដើម្បីជំរុញដល់ការអនុវត្តគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល


ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានអចិន្ត្រៃ នៃគណៈកម្មការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសពិនិត្យការងារចំនួន២៖១.ពិនិត្យលើការងារសមាហរណកម្ម ផ្ទេរបុគ្គលិកសិក្សានៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សា
សាធារណៈទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ និង ២.ពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្ដីណែនាំអន្តរក្រសួង ស្តីពីលក្ខខណ្ឌលក្ខណៈវិនិច្ឆ័យ យន្តការ និងនីតិវិធីនៃការតែងតាំងនាយក នាយិកា នាយិការង នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងបឋមសិក្សាសាធារណៈ។


អង្គប្រជុំបានរាយការណ៍ពីវឌ្ឍនភាពការងារសមាហរណកម្ម ផ្ទេរបុគ្គលិកសិក្សានៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងដាក់វេទិកាជូនប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត រាយការណ៍ពីស្ថានភាពទូទៅ និងបញ្ហាប្រឈមដែលក្រុមការងារថ្នាក់ក្រោមជាតិ បានជួបប្រទះផ្ទាល់ក្នុងពេលអនុវត្តការងារជាក់ស្តែង ព្រមទាំងអង្គប្រជុំបានមានមតិយោបល់ដោយសន្តិវិធី ប្រកបដោយភាពទន់ភ្លន់ជាច្រើន ដែលជាធាតុចូលដ៏ល្អក្នុងការជួយគិត ជួយដោះស្រាយការងារចំពោះមុខនិងបញ្ហាដែលបានជួបពីអង្គប្រជុំទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។


ឯកឧត្តមប្រធានអង្គប្រជុំ បានសម្រេចឯកភាពលើការងារមួយចំនួនរួមមាន៖ ១.ការបើកបៀវត្ស ដោយរក្សាតាមស្ថានភាពបច្ចុប្បន្ន ដែលបានបែងចែកតាមក្រុង ស្រុក ខណ្ឌ ដែលមានស្រាប់ ២.មិនអនុញ្ញាតឱ្យមានការផ្ទេរទេ និង ៣.កំណត់ដីកា ត្រូវចេញតាមសាលាដែលទទួលស្គាល់ដោយនាយក ឬនាយិកាស្របតាមលក្ខខណ្ឌត្រឹមត្រូវ និងចំនួនមន្ត្រីជាក់ស្តែងពិតប្រាកដមែន។ កិច្ចប្រជុំបានកំណត់ឱ្យក្រុមការងារត្រៀមរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដែលមានការចូលរួមពីក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡា ប្រជុំពិភាក្សាលើការកំណត់ទម្រង់ ជំរឿនមន្ត្រី ការចុះត្រួតពិនិត្យជាក់ស្តែង និងការធ្វើរបាយការណ៍។


ទន្ទឹមនឹងនេះ អង្គប្រជុំ ក៏បានពិនិត្យពិភាក្សា ផ្តល់យោបល់ និងកែសម្រួលទៅលើសេចក្តីព្រាងសេចក្ដីណែនាំអន្តរក្រសួង ស្តីពីលក្ខខណ្ឌលក្ខណៈវិនិច្ឆ័យ យន្តការ និងនីតិវិធីនៃការតែងតាំងនាយក នាយិកា នាយិការង នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងបឋមសិក្សាសាធារណៈ ដោយកំណត់កែសម្រួល រួមមាន៖ ១.រៀបចំលក្ខខណ្ឌលក្ខណៈវិនិច្ឆ័យ ញែកឱ្យដាច់ដោយឡែកទៅតាមកម្រិតបឋមសិក្សា និងមត្តេយ្យសិក្សា និងទៅតាមនាយក នាយករង នាយិកា នាយិការង ២.កំណត់គណៈកម្មការវាយតម្លៃ ញែកឱ្យដាច់ដោយឡែកទៅតាមកម្រិត ៣.កំណត់បេក្ខភាពយកសាលាផ្ទាល់ ឬសាលាដទៃនៅក្នុងស្រុកតែមួយ ៤.កំណត់សមាសភាពគណៈកម្មាការ ៥.ពិនិត្យនិត្យានុគោលភាពជាមុនសិន និង ៦.សេចក្តីសម្រេច ត្រូវចុះហត្ថលេខាអន្តរក្រសួងចំនួនបី(ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡា)។


សូមបញ្ជាក់ថា កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ ជាអនុប្រធាន សមាជិកនៃគណៈកម្មការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត សរុបចំនួនប្រមាណ ៨០នាក់៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១