ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) ដឹកនាំដោយលោកស្រី CHOI Moon Jung នាយិកាទីភ្នាក់ងារ KOICA និងក្រុមអ្នកជំនាញមកពីប្រទេសកូរ៉េ ក្នុងគោលបំណង ពិភាក្សាការងារលើគម្រោង «ការពង្រឹងសាលាភូមិន្ទរដ្ឋបាលកម្ពុជា»


នាព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) ដឹកនាំដោយលោកស្រី CHOI Moon Jung នាយិកាទីភ្នាក់ងារ KOICA និងក្រុមអ្នកជំនាញមកពីប្រទេសកូរ៉េ ក្នុងគោលបំណង ពិភាក្សាការងារលើគម្រោង «ការពង្រឹងសាលាភូមិន្ទរដ្ឋបាលកម្ពុជា» ។ ក្នុងជំនួបនេះដែរ លោកស្រី CHOI Moon Jung បានបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រី នូវការចូលរួមរបស់ទីភ្នាក់ងារ KOICA ក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមន្ត្រីនៅប្រទេសកម្ពុជា ជាពិសេសឈានដល់ការសិក្សាសមិទ្ធលទ្ធភាព (Feasibility Study) នៃគម្រោង «ការពង្រឹងសាលាភូមិន្ទរដ្ឋបាលកម្ពុជា» ដែលគម្រោងនេះមានលទ្ធភាពខ្ពស់ក្នុងការរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការនៅតាមបណ្តាក្រសួងស្ថាប័នទាំងអស់។


ថ្លែងប្រសាសន៍នាឱកាសសំណេះសំណាលនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការកន្លងមករវាងទីភ្នាក់ងារ KOICA ជាមួយនឹងក្រសួងមុខងារសាធារណៈ ចាប់តាំងពីឆ្នាំ២០១៤ តាមរយៈវគ្គបណ្តុះបណ្តាលនៅទីស្នាក់ការ KOICA ប្រទេសកូរ៉េ ការផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការក្រសួងមុខងារសាធារណៈ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយសាលាភូមិន្ទរដ្ឋបាលកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនប្រតិភូនូវឧត្តមភាពរបស់សាលាភូមិន្ទ ដែលជាយន្តការដ៏សំខាន់របស់ក្រសួងមុខងារសាធារណៈ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃគម្រោង «ការពង្រឹងសាលាភូមិន្ទរដ្ឋបាលកម្ពុជា» ដែលនឹងរួមចំណែកគាំទ្រដល់កម្មវិធី និងគោលនយោបាយរយៈពេលវែងរបស់កម្ពុជា ជាពិសេសរួមចំណែកគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយផងដែរ ដែលស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ បានផ្តោតលើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ។


តាមរយៈជំនួបនាថ្ងៃនេះដែរ នឹងរួមចំណែកដល់ការបើកទូលាយចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យបន្តរីកចម្រើនទៅមុខ ដែលនឹងជាប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១