ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស សម្រុកលើការងារកែទម្រង់រដ្ឋបាលសាធារណៈ
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសទាំង៣ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ)។ ក្រុមការងារបច្ចេកទេសទាំង៣ រួមមាន៖ ១-ក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ២-ក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ និង ៣-ក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម។
ទន្ទឹមនឹងនេះ កិច្ចប្រជុំ ក៏បានពិភាក្សាការងារជុំវិញគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) ផងដែរ។ សូមជម្រាបថា គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) បានបែងចែកអនុគណៈកម្មការចំនួន៤ គឺ៖ ១-អនុគណៈកម្មាធិការបរិវត្តកម្មរសេវាសាធារណៈនិងនវានុវត្តន៍នៃគណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ ២-អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ៣-អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្សនៃគណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ និង៤-អនុគណៈកម្មាធិការកសាងសមត្ថភាពមន្ត្រីនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
កិច្ចប្រជុំប្រព្រឹត្តបានប្រព្រឹត្តទៅ នៅសាលាភូមិន្ទរដ្ឋបាល ដោយបានពិភាក្សា និងផ្តល់មតិយោបល់ផ្តោតសំខាន់ទៅលើរបៀបវារៈរួមមាន៖ ១-សេចក្តីព្រាងផែនការសកម្មភាព ឆ្នាំ២០២៤, ការគិតគូរអំពីការរៀបចំយន្តការប្រាក់ឧបត្ថម្ភលើកទឹកចិត្ត និង ៣-តម្រង់ទិសបន្ថែមផ្សេងៗ។
អង្គប្រជុំបានប្រព្រឹត្តទៅក្នុងស្មារតីជាក្រុមប្រកបដោយសាមគ្គីភាព យោគយល់ ស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអនុវត្តការងារកែទម្រង់ទាំងក្នុងក្របខណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈជារួម និងក្នុងក្របខណ្ឌការងារកែទម្រង់វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នៃរដ្ឋសភា៕