ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បន្តជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល
ព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បន្តជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល បន្ទាប់ពីបានជួបអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ រួចមក។
គោលបំណងនៃជំនួប គឺដើម្បីសំណេះសំណាលឈ្វេងយល់ពីគ្នាទៅវិញទៅមកផង ក៏ដូចជាស្តាប់របាយការណ៍ និងចែករំលែកនូវបទពិសោធន៍ ព្រមទាំងលើកឡើងនូវបញ្ហាប្រឈមនានា ដែលក្រុមការងារបានជួបប្រទះកន្លងមក ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយជាមួយគ្នា សម្រាប់ការអនុវត្តការងារឆ្ពោះទៅថ្ងៃមុខ ស្របជាមួយនឹងការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល បំពេញភារកិច្ចពាក់ព័ន្ធនឹង៖
– ការរៀបចំនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងផ្តល់ការប្រឹក្សាចាំបាច់លើជម្រើសផ្សេងៗ នៃការរៀបចំនិងរបៀបនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់
– ការគ្រប់គ្រងនិងថែទាំហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងប្រព័ន្ធដំណើរការដើម្បីធានាដំណើរការ ជាប្រក្រតីនៃប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល
– ការអភិវឌ្ឍរចនាសម្ព័ន្ធនិងក្រុមការងារតាមឌីជីថល សម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ
– ការអភិវឌ្ឍកម្មវិធីផ្នែកទន់ ការធ្វើឌីជីថលូបនីយកម្ម រួមទាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត និង បច្ចេកវិទ្យាទាន់សម័យ ដើម្បីបម្រើដល់ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស ដែលត្រូវប្រើប្រាស់ ធនធានមនុស្សផ្ទាល់របស់អគ្គនាយកដ្ឋាន និង/ឬសហការជាមួយមន្ត្រី និង/ឬអង្គភាពស្ថាប័ន ខាងក្រៅ ទាំងរដ្ឋនិងឯកជន
– ការគ្រប់គ្រងសុវត្ថិភាពព័ត៌មានវិទ្យានៃប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល ដើម្បីបញ្ចៀសរាល់ការ វាយប្រហារនិងការធ្វើឱ្យប៉ះពាល់ដំណើរការជាប្រក្រតីនៃប្រព័ន្ធ
– ការធានាឱ្យមានការកត់ត្រារាល់សកម្មភាពចេញចូលឬកែសម្រួលព័ត៌មានក្នុងប្រព័ន្ធគ្រប់កម្រិត
– ការធានានូវការបញ្ចូលទិន្នន័យ ការប្រើប្រាស់ ការចែករំលែកទិន្នន័យ និងគ្រប់គ្រងរំហូរទិន្នន័យដល់អង្គភាពនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព
– ការគ្រប់គ្រងនិងការការពារសុវត្ថិភាពទិន្នន័យ មិនឱ្យមានការបែកធ្លាយ ការលួចយក ការកែប្រែ ការធ្វើឱ្យខូចខាត ឬទង្វើទាំងឡាយដែលប៉ះពាល់ដល់សុចរិតភាពនៃទិន្នន័យ
– ការគាំទ្រ ការផ្ដល់ជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពដល់មន្ត្រី និងអង្គភាពនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងនិងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល
– ការផ្ដល់ការគាំទ្រនិងជំរុញបរិវត្តកម្មឌីជីថលនៃអង្គភាពចំណុះក្រសួងមុខងារសាធារណៈ
– ការរៀបចំនិងបូកសរុបរបាយការណ៍ស្តីពីសកម្មភាពការងាររបស់អគ្គនាយកដ្ឋាន ប្រចាំខែ ត្រីមាសឆមាស នព្វមាស និងប្រចាំឆ្នាំ
– អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីរដ្ឋមន្ត្រីឬរដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការទទួល៕