ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ


ថ្ងៃនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ដើម្បីសំណេះសំណាលឈ្វេងយល់ពីគ្នាទៅវិញទៅមកផង ក៏ដូចជាស្តាប់របាយការណ៍ និងបញ្ហាប្រឈមចេញពីការអនុវត្តការងារផ្ទាល់ របស់អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ។


នៅក្នុងកិច្ចប្រជុំ ទាំងពេលព្រឹក ទាំងពេលរសៀល ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយក អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយករង រួមជាមួយប្រធាននាយកដ្ឋានទាំងអស់ នៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋាន រាយការណ៍ និងចែករំលែកនូវបទពិសោធន៍ ព្រមទាំងលើកឡើងនូវបញ្ហាប្រឈមនានា ដែលក្រុមការងារបានជួបប្រទះកន្លងមក ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយជាមួយគ្នា សម្រាប់ការអនុវត្តការងារឆ្ពោះទៅថ្ងៃមុខ ស្របជាមួយនឹងការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។


សូមជម្រាបថា ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងបន្តជួបជាមួយមន្ត្រីបច្ចេកទេសជាបន្តបន្ទាប់ក្នុងគោលបំណងដូចបានរៀបរាប់ខាងលើ ជាពិសេសក្នុងគោលដៅពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដែលជាវិធានការគន្លឹះរបស់ក្រសួង លើកំណែទម្រង់រដ្ឋបាលសាធារណៈ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១