កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំឆ្នាំ២០២៣ ចំនួន២៥០កន្លែង និងភារកិច្ចរបស់អនុគណៈកម្មការកណ្តាល


នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការមណ្ឌលប្រឡង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំឆ្នាំ២០២៣ ចំនួន២៥០កន្លែង និងភារកិច្ចរបស់អនុគណៈកម្មការកណ្តាល នៅសាលាភូមិន្ទរដ្ឋបាល។


កិច្ចប្រជុំនេះមានការការចូលរួមពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងអនុប្រធាន សមាជិកនៃគណៈកម្មការ និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណ ២៥០នាក់។


កិច្ចប្រជុំបានបង្ហាញពីវឌ្ឍនភាពការងារជំនាញ និងការណែនាំសមាសភាពអនុគណៈកម្មការនីមួយៗព្រមទាំងពិភាក្សាអំពីបញ្ហាផ្សេងៗ ដែលធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន និងធានាបានតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន។ សមាសភាពរបស់អង្គប្រជុំទាំងមូលបានផ្តល់យោបល់ដែលធាតុចូលយ៉ាងច្រើនលើបញ្ហាប្រឈមនានា និងបានកំណត់ការងារមួយចំនួនរួមមាន៖ ១.បេក្ខជនប្រឡងចំនួន ៣៣៨១នាក់ ដោយត្រូវការ ៩៣បន្ទប់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ២.កំណត់សមាសភាពនិងដែនសមត្ថកិច្ចរបស់អ្នកសង្កេតការណ៍ ៣.កំណត់បទបញ្ញត្តិផ្សេងៗសម្រាប់អនុគណៈកម្មាការនានា អ្នកសង្កេតការណ៍ អ្នកសារព័ត៌មាន និងបេក្ខជនប្រឡង និង៤.កំណត់ទីតាំង និងនីតិវិធីចេញវិញ្ញាសា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១