កិច្ចប្រជុំតម្រង់ទិសលើកដំបូងរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ(គ.ក.ស.)


ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំកិច្ចប្រជុំលើកដំបូង ដើម្បីជួបផ្ទាល់ជាមួយសមាជិក សមាជិការបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ(គ.ក.ស.) ក៏ដូចជាណែនាំតួនាទីភារកិច្ច និងតម្រង់ទិសការងារបន្ត នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំនេះមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ តំណាងក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបចំនួនប្រមាណ ១២០នាក់។


ឯកឧត្តមរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងបានតម្រង់ទិសដល់អង្គប្រជុំដោយលើកឡើងថា៖ ក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលកំពុងរៀបចំ សកម្មភាពការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តនូវវិធានការគន្លឹះជាអាទិភាពចំនួន៣ រួមមាន៖ ទី១.ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ទី២.ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព និងទី៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។


ក្នុងជំនួបដំបូងនៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបរាប់ពីតួនាទីភារកិច្ចដែលមានចែងនៅក្នុងព្រះរាជក្រឹត្យជូនអង្គប្រជុំ។ ក្រោយការរៀបរាប់រួចមក អង្គប្រជុំ បានមានមតិយោបល់យ៉ាងផុសផុល ដែលជាធាតុចូលយ៉ាងសំខាន់ជូនទៅដល់គណៈកម្មការសម្រាប់ការងារបន្ត។


ដោយបានឃើញមានការចូលរួមយ៉ាងផុសផុល របស់សមាជិក សមាជិកា នៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ដែលមានវត្តមានក្នុងអង្គប្រជុំ និងស្នើជំរុញចិត្តឱ្យចូលរួមគិតគូរធ្វើការជាមួយគ្នា ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលយើងទាំងអស់គ្នាមានភារកិច្ចចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យវែងឆ្ងាយដែលដឹកនាំដោយសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១