គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ. ចុះវាយតម្លៃដល់ទីតាំងជាក់ស្ដែងដើម្បីស្វែងរកបេក្ខភាពសាលាបឋមសិក្សាគំរូក្នុងវិស័យអប់រំ ស្ថិតក្នុងខេត្តកំពង់ធំ


នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈកម្មការបច្ចេកទេសអន្តរក្រសួង និងក្រុមការងារលេខាធិការដ្ឋាននៃ គ.វ.ជ. ចុះរអនុវត្តការវាយតម្លៃជាក់ស្ដែងដល់ទីតាំងបេក្ខភាពសាលាបឋមសិក្សា នៅក្នុងខេត្តកំពង់ធំ។ ក្នុងដំណើរការវាយតម្លៃនេះ មានការចូលរួមដោយលោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរមុខងារសាធារណៈ តំណាងមន្ទីរអប់រំ យុវជន និងកីឡា តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអភិបាល នៃគណៈអភិបាលក្រុង ស្រុក តំណាងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈកម្មការគ្រប់គ្រងសាលារៀន តំណាងរដ្ឋបាលឃុំ-សង្កាត់ នាយក នាយករង-នាយិការង លោកគ្រូ អ្នកគ្រូ និងមន្រ្តីជំនាញរដ្ឋបាលខេត្តកំពង់ធំ។


ការវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពសាលាបឋមសិក្សាខាងលើ ក្នុងគោលបំណងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យសាកសួរព័ត៌មានពីភាគីពាក់ព័ន្ធ និងវាយតម្លៃដាក់ពិន្ទុនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាព ដោយមានការបែងចែកជាក្រុមគោលដៅដើម្បីធ្វើការវាយតម្លៃដោយផ្ដោតលើលក្ខណៈវិនិច្ឆ័យគោលចំនួន៨ រួមមាន៖ ១.ស្ដង់ដាសេវាសាធារណៈ ២.ស្ដង់ដាឬនិយាមនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ៣.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ៤.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ៥.ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព ៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ៧.ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ និងសហគមន៍ និង៨.ការផ្តួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរ។


ជាលទ្ធផល ដោយសារមានការសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ. បានធ្វើការចុះវាយតម្លៃជាក់ស្ដែងដល់ទីតាំង បានបញ្ចប់ដោយជោគជ័យ និងប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១