ក្រសួងមុខងារសាធារណៈ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រីជំនាញ ស្តីពីការប្រើប្រាស់ប្រព័ន្ធប្រែប្រួលស្ថានភាព និងរដ្ឋបាលគ្រួសារមន្ត្រីរាជការ


ក្រសួងមុខងារសាធារណៈបានបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីជំនាញ ស្តីពី ការប្រើប្រាស់ប្រព័ន្ធប្រែប្រួលស្ថានភាព និងរដ្ឋបាលគ្រួសារមន្ត្រីរាជការ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឡុង សារឿន អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមប្រព័ន្ធឌីជីថល នៃក្រសួងមុខងារសាធារណៈ។


វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំនៅទីស្ដីការក្រសួងមុខងារសាធារណៈ មានរយៈពេល ០២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីជំនាញរបស់ក្រសួងមុខងារសាធារណៈ តំណាងក្រសួងបរិស្ថាន តំណាងក្រសួងកិច្ចការនារី និងតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សរុបប្រមាណចំនួន៣០នាក់។ វគ្គបណ្ដុះបណ្ដាលនេះផ្តោតលើការងារបច្ចេកទេសមួយចំនួនរួមមាន៖ ១-ការប្រើប្រាស់ប្រព័ន្ធស្ថានភាពរដ្ឋបាលនិងគ្រួសារមន្ត្រីរាជការ ២-ការអនុវត្តប្រើប្រាស់ប្រព័ន្ធ និង៣-ការអនុវត្តប្រព័ន្ធដោយប្រើប្រាស់ទិន្នន័យជាក់ស្តែង។


ក្នុងពិធីបើក ឯកឧត្តមអគ្គនាយក បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ បង្កើតឡើងដើម្បីឱ្យសិក្ខាកាមយល់ពីប្រព័ន្ធ និងរបៀបប្រើប្រាស់ប្រព័ន្ធ ក្នុងគោលបំណងសាកល្បងការដំណើរការ និងមុខងាររបស់ប្រព័ន្ធ និងចង់បានធាតុចូលត្រឡប់មកវិញ ដើម្បីរៀបចំកែលម្អប្រព័ន្ធ HRMIS ឱ្យកាន់តែប្រសើរជាងមុនក្នុងការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ។ ឯកឧត្តមបានបញ្ចាក់ថា ក្រសួង-ស្ថាប័ន ជាអ្នកផ្ទៀងផ្ទាត់ និងបញ្ចូលទិន្នន័យការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិលរបស់សាមីក្រសួងមកក្នុងប្រព័ន្ធ HRMIS ដោយផ្ទាល់ ដែលប្រព័ន្ធនឹងបង្កើតទៅជាប្រភេទរបាយការណ៍ការប្រែប្រួលស្ថានភាពរដ្ឋបាលត្រឡប់មកវិញដោយស្វ័យប្រវត្តិ ដើម្បីឱ្យថ្នាក់ដឹកនាំតាមឋានានុក្រមពិនិត្យ និងអនុម័ត ហើយទិន្នន័យនឹងរក្សាទុកក្នុងប្រព័ន្ធ និងអាចទាញយកចេញពីប្រព័ន្ធបាន ក្នុងការរៀបចំបៀវត្សន៍របស់សាមីក្រសួង និងចូលរួមកាត់បន្ថយក្រដាស ពេលវេលា ការផ្តល់ព័ត៌មាន ដំណើរការនៃទំនាក់ទំនង ការរក្សាទុកព័ត៌មាន និងប្រសិទ្ធភាពការងារខ្ពស់។


គួររម្លឹកដែរថា តាំងពីឆ្នាំ២០២២មក ធនាគារពិភពលោកបានបង្កើតផែនទីបង្ហាញផ្លូវក្នុងការគ្រប់គ្រងប្រព័ន្ធឌីជីថលនេះ ដោយធ្វើការសិក្សាលើការងារសំខាន់ៗជាច្រើន ដើម្បីគ្រប់គ្រងការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការ ជាប្រព័ន្ធមេ ដែលហៅកាត់ថា HRMIS៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១