សិក្ខាកាមជាន់ខ្ពស់ របស់សាលាភូមិន្ទរដ្ឋបាលធ្វើទស្សនកិច្ចសិក្សា នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សិក្ខាកាមជាន់ខ្ពស់ក្រុមទី១ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សាលាភូមិន្ទរដ្ឋបាលចំនួន១០០នាក់ ដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់បទពិសោធន៍នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ទស្សនកិច្ចសិក្សានេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈការផ្តល់បាឋកថាស្តីពី “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍សេវាសាធារណៈរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” ជូនដល់សិក្ខាកាមទាំងអស់គ្នា។


ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីវឌ្ឍនភាពការងាររបស់ក្រសួង ក្នុងការកំណែទម្រង់ផ្ទៃក្នុងនៃការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ការធ្វើទំនើបកម្ម ការអភិវឌ្ឍវិស័យទូរគមនាគមន៍ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ព្រមទាំងការដាក់ឱ្យប្រើកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” រួមជាមួយការធ្វើបរិវត្តកម្មនានាឆ្ពោះទៅកាន់រាជរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល។


ទន្ទឹមនឹងនេះ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានដឹកនាំសិក្ខាកាម បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ការអនុញ្ញាតនិងទទួលស្វាគមន៍ដល់ដំណើរទស្សនកិច្ចសិក្សារបស់សិក្ខាកាមជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងចែករំលែកបទពិសោធដ៏មានសារៈសំខាន់ៗ។ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមចំណែករបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការផ្តល់បាឋកថានាពេលនេះ ដែលជាសកម្មភាពដ៏ថ្លៃថ្លាក្នុងការជួយជំរុញនិងពង្រឹងនៃដំណើរការវគ្គបណ្តុះបណ្តាលស្តីពី វគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ជំនាន់ទី៥ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ប្រកបដោយឧត្តមប្រយោជន៍ជូនជាតិមាតុភូមិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១