ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយ​ធនាគារពិភពលោកលើ​កិច្ចសហប្រតិបត្តិការគម្រោងមួយចំនួន


កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយធនាគារពិភពលោកលើកិច្ចសហប្រតិបត្តិការគម្រោងមួយចំនួន នៅបន្ទប់ប្រជុំនៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងគ្រូបង្គោល ព្រមទាំងតំណាងធនាគារពិភពលោក សរុបចំនួនប្រមាណ១៥នាក់។


កិច្ចប្រជុំបានពិភាក្សាលើចំណុចសំខាន់ៗចំនួនបីរួមមាន៖ (១)ការអនុវត្តកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ (២)ពិនិត្យខ្លឹមសារ និងជំហ៊ានបន្ទាប់នៃការរៀបចំកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ (៣)គម្រោងស្តីពីប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា។


បន្ទាប់ពីកិច្ចពិភាក្សា និងការចូលរួមផ្តល់មតិយោបល់ ឯកឧត្តមប្រធានអង្គប្រជុំ បានកំណត់ការងារបន្តចំនួនបីដូចជា៖ ១)សាលាភូមិន្ទរដ្ឋបាល ក៏ដូចជាក្រសួងនឹងនៅតែបន្តកម្មវិធីបណ្តុះបណ្តាលមន្រ្តីជាន់ខ្ពស់ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ដែលជាផ្នែកមួយកម្មវិធីសិក្សារបស់សាលា ដោយនឹងរៀបចំផែនការបន្តសម្រាប់វគ្គទី៦និងទី៧ សម្រាប់ឆ្នាំ ២០២៤ ២)ពាក់ព័ន្ធនឹងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈនឹងផ្តោតលើការអនុវត្តអាទិភាពចំនួន៣ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការជ្រើសរើសមន្រ្តីរាជការ ប្រសិទ្ធភាពការងារ និងប្រព័ន្ធលើកទឹកចិត្តមន្រ្តី និង៣)សម្រាប់គម្រោងស្ដីពីប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមព័ត៌មានវិទ្យា សាលាភូមិន្ទរដ្ឋបាល ក៏ដូចជាក្រសួងមុខងារសាធារណៈ បន្តពិភាក្សាការគាំទ្រការអនុវត្តគម្រោងកសាងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស។


ចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក ដែលគាំទ្រកិច្ចការងារកន្លងមក និងបន្តកិច្ចសហការបន្ថែមទៅលើគម្រោងផ្សេងៗទៀតដែលគាំទ្រដល់ការអនុវត្តចក្ខុវិស័យរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១