ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងអបអរសាទរចំពោះសិស្សនិទ្ទេស A នៃខេត្តកំពង់ស្ពឺ


នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងអបអរសាទរចំពោះសិស្សនិទ្ទេស A ទាំង១៧រូប ឆ្នាំសិក្សា២០២២-២០២៣ ខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត លោកនាយក នាយិកាវិទ្យាល័យទាំង២៥ លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត ក្រុមគ្រួសារស.ស.យ.ក. និងសិស្សានុសិស្ស សរុបចំនួន២៥០នាក់។


ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកគ្រូ អ្នកគ្រូស័្មគ្រចិត្ត ប្អូនៗ សិស្សនិទ្ទេសA ដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ក្នុងនាមជាមន្ត្រីរាជការស៊ីវិល ដែលបានខិតខំប្រឹងប្រែង និងលះបង់ពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ជាពិសេសអំឡុងពេលឈប់សម្រាក ដើម្បីបង្រៀនប្អូនៗបន្ថែម និងអបអរសាទរចំពោះប្អូនៗដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និងទទួលបាននិទ្ទេសAទាំង១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ។ ឯកឧត្តម បានបន្ថែមទៀតថា ការរៀបចំឱ្យមានវគ្គបំប៉នគឺជាកត្តាគួបផ្សំមួយផ្នែកដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀនជាប្រចាំមកហើយ និងគួបផ្សំជាមួយការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗផ្ទាល់ ទើបទទួលបានលទ្ធផលល្អដូចពេលនេះ ហើយជោគជ័យរបស់ប្អូនៗ គឺជាជោគជ័យរួមរបស់ខេត្តកំពង់ស្ពឺទាំងមូល មិនមែនត្រឹមតែលើកកិត្តិយសមុខមាត់សាលារៀន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ។


ជាមួយនឹងការអបអរសាទរចំពោះប្អូនៗដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តដល់ប្អូនៗដែលមិនបានទទួលលទ្ធផលល្អក្នុងការប្រឡង ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទទួលបានជោគជ័យ និងលទ្ធផលល្អនាពេលអនាគតផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១