ក្រសួងមុខងារសាធារណៈពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន និងទំនាក់ទំនងសាធារណៈ


ក្រសួងមុខងារសាធារណៈបានបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីជំនាញព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម វន សុវណ្ណារី ដែលជាអនុរដ្ឋលេខាធិការ។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំនៅទីស្ដីការក្រសួងមុខងារសាធារណៈ ដោយមានសិក្ខាកាមចំនួន ៣៨នាក់។


វគ្គបណ្ដុះបណ្ដាលនេះផ្តោតលើបច្ចេកទេសនៃការសរសេរព័ត៌មាន ការថតរូប និងការពង្រឹងការងារទំនាក់ទំនងសាធារណៈដោយមានការអញ្ជើញឧទ្ទេសដោយ លោក លាង ដឺលុច ជាចាងហ្វាងការផ្សាយរបស់សារព័ត៌មានអេឡិកត្រូនិក ថ្មីៗ, លោក ចន សុវណ្ណារ៉ា គ្រូបង្រៀនផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក ថា ពិសិដ្ឋ ស្ថាបនិក Taphon Media។


មានប្រសាសន៍ក្នុងពិធីបើក ឯកឧត្តម វន សុវណ្ណារី បានលើកឡើងថា ការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រីក និងពង្រឹងសមត្ថភាព ជំនាញ ក្នុងការបំពេញភារកិច្ចជាអ្នកឆ្លើយឆ្លងព័ត៌មាន និងជាអ្នកធ្វើទំនាក់ទំនងសាធារណៈ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយវិជ្ជាជីវៈពិតប្រាកដ តាមរយៈប្រធានបទសំខាន់ៗ រួមមាន៖


១)សញ្ញាណទូទៅ និងមូលដ្ឋានគ្រឺះ នៃការផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ, ២)បច្ចេកទេសសំណេរសារព័ត៌មាន និងខ្លឹមសារផ្សព្វផ្សាយ, ៣)បច្ចេកទេសថតរូបភាព , ៤)បច្ចេកទេសថតវីដេអូ និងការផលិតមាតិកា, និង៥)ការអនុវត្តជាក់ស្តែង។


បញ្ជាក់៖ វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅមានរយៈពេល ០៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១