ក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) និងអនុគណៈកម្មាធិការ ទាំង៤ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ប្រជុំពិភាក្សាការងារ


នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ក.ស. តំណាងឱ្យ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃគ.វ.រ. បានសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងាររបស់ក្រុមការងារបច្ចេកទេសទាំង៣ក្រុមនៃ គ.វ.រ. និងអនុគណៈកម្មាធិការទាំង៤នៃ គ.ក.ស. នៅសាលប្រជុំ “តេជោសន្តិភាព” នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ សរុបចំនួន៩០ រូប។


គោលបំណងនៃកិច្ចប្រជុំពិភាក្សានាពេលនេះគឺមានគោលបំណងសំខាន់ធំៗពីរ រួមមាន៖ (១)កំណត់អំពីរបៀបរបបបំពេញការងាររបស់ក្រុមការងារទាំងអស់ (២)កំណត់ការរៀបចំផែនការសកម្មភាពការងារផ្សារភ្ជាប់ថវិកាគាំទ្រ សម្រាប់ឆ្នាំ២០២៤របស់ក្រុមនីមួយៗ ។


កិច្ចប្រជុំបានពិភាក្សា និងផ្តល់មតិយោបល់ជាធាតុចូលយ៉ាងច្រើនផុសផុល និងបានឯកភាពលើរបៀបរបបបំពេញការងាររបស់ក្រុមការងារ ព្រមទាំងកំណត់ពេលវេលាក្នុងការរៀបចំផែនការសកម្មភាពសម្រាប់ ឆ្នាំ២០២៤របស់ក្រុមនីមួយៗ និងផ្តល់ជូនមកអគ្គលេខាធិការដ្ឋាន គ.ក.ស. នាពេលខាងមុខដើម្បីបូកសរុប និងគោរពស្នើសុំការពិនិត្យសម្រេចពីឯកឧត្តម រដ្ឋមន្រ្តី ។


អង្គប្រជុំបានប្រព្រឹត្តទៅក្នុងស្មារតីជាក្រុមប្រកបដោយភាតរភាព សាមគ្គីភាព យោគយល់ និងប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអនុវត្តការងារកែទម្រង់ទាំងក្នុងក្របខណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈជារួម និងក្នុងក្របខណ្ឌការងារកែទម្រង់វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នៃរដ្ឋសភា៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១