វគ្គសិក្សាបញ្ចប់ នៃការបណ្ដុះបណ្ដាលកម្មវិធី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជំនាន់ទី៥
នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារសម្របសម្រួល បានអញ្ជើញជាអធិបតីភាព ក្នុងវគ្គសិក្សាបញ្ចប់ នៃការបណ្ដុះបណ្ដាលកម្មវិធី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជំនាន់ទី៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈនិងធនាគារពិភពលោក ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ ដើម្បីគាំទ្រ និងអភិវឌ្ឍសមត្ថភាពលើភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ដល់មន្ត្រីជាន់ខ្ពស់កម្ពុជា។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន ១៩៧នាក់។
ថ្លែងមតិបើក លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ មានមតិស្វាគមន៍ និងជម្រាបពីដំណើការកម្មវិធីសិក្សារយៈពេល៥ថ្ងៃ ព្រមទាំងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ចូលរួមពិភាក្សានិងចែករំលែកចំណេះដឹងពីគ្នាទៅគ្នាឱ្យបានផុសផុល។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលបញ្ចប់នេះ ផ្ដោតលើគោលបំណងសំខាន់ចំនួន៣គឺ៖ ១.បង្កើនសមត្ថភាពក្នុងការយល់ដឹង (Knowing) ២.បង្កើនសមត្ថភាពក្នុងការបំពេញការងារ (Doing) និង៣.បង្កើនសមត្ថភាពគាំទ្រគ្នា (Being)៕