ក្រសួងមុខងារសាធារណៈ អនុញ្ញាតឱ្យនិស្សិតសាកលវិទ្យាល័យកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពី “វិស័យមុខងារសាធារណៈក្នុងសម័យឌីជីថល”


នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម យឿន សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពី “វិស័យមុខងារសាធារណៈក្នុងសម័យឌីជីថល” នៅសាលប្រជុំតេជោសន្តិភាព នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមុខងារសាធារណៈ សាស្តា្រចារ្យ និស្សិត និងព្រះសង្ឃ នៃសាកលវិទ្យាល័យកម្ពុជា សរុបចំនួនប្រមាណ ៥១អង្គ/នាក់។


ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ស្វាគមន៍ និងបានកោតសរសើរដល់ការជ្រើសរើសយកក្រសួងមុខងារសាធារណៈ ដើម្បីធ្វើទស្សនកិច្ចសិក្សារបស់សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យកម្ពុជានៅពេលនេះ គឺជាការបង្ហាញពីការចង់ចេះចង់ដឹងអំពីកិច្ចការងារជាក់ស្តែង ក្នុងវិស័យមុខងារសាធារណៈនៅកម្ពុជា និងបានបញ្ជាក់បន្ថែមថា ការទស្សនកិច្ចសិក្សាដោយផ្ទាល់នេះ ជាការក្រេបយកចំណេះដឹងបន្ថែមទៀតនៃការអនុវត្តជាក់ស្តែងពីលើការសិក្សានៅថ្នាក់រៀន។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបង្ហាញបន្ថែមពីគោលបំណងនៃកម្មវិធី និងបានផ្តល់វេទិការជូនគ្រូសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យកម្ពុជា បង្ហាញពីចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ចំពោះវត្តមាននៅក្នុងកម្មវិធីថ្ងៃនេះ។


បន្ទាប់មក ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើបទបង្ហាញទៅលើប្រធានបទសំខាន់ៗ ចំនួន៥ រួមមាន៖ ១- អំពីក្រសួងមុខងារសាធារណៈ ២- បរិវត្តកម្មឌីជីថលនៅក្នុងរដ្ឋបាលសាធារណៈ ៣- ក្របខណ្ឌគោលនយោបាយឌីជីថល ៤- ប្រព័ន្ធឌីជីថលរបស់ក្រសួងមុខងារសាធារណៈ និង៥- ប្រព័ន្ធឌីជីថលរបស់ក្រសួងស្ថាប័ននានា។ ក្រោយពីបញ្ចប់បទបង្ហាញ សាស្រ្តាចារ្យ និស្សិត និងព្រះសង្ឃ ដែលមានវត្តមានក្នុងកម្មវិធី បានចូលរួមសួរជាសំណួរយ៉ាងច្រើនផងដែរ។


ចុងបញ្ចប់នៃកម្មវិធី តំណាងសិស្សនិស្សិត នៃសាកលវិទ្យាល័យកម្ពុជា បានឡើងថ្លែងអំណរគុណដល់ ឯកឧត្តមអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងសហការីទាំងអស់ដែលបានចំណាយពេលវេលាអនុញ្ញាតឱ្យពួកគាត់បានមកសិក្សា ស្វែងយល់ ព្រមទាំងថតរូបអនុស្សាវរីយ៍បិទបញ្ចប់កម្មវិធីផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១