រាត្រីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣


ប្រទីបក្រសួងមុខងារសាធារណៈ មានកិត្តិយសបានបង្ហាញវត្តមានជាលើកដំបូងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយកំពុងបណ្តែតខ្លួនសន្សឹមៗនៅទន្លេចតុមុខ ឆ្ពោះមកចំពីមុខព្រះបរមរាជវាំង បង្អួតសម្រស់យ៉ាងស្រស់ស្អាត។


រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់ស្នូលនៃយុទ្ធសាស្ត្រ ផ្តោតលើការកែទម្រង់និងការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយ ជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន។ បន្ថែមលើភារកិច្ចក្នុងការដឹកនាំនិងជម្រុញការងារកែទម្រង់រដ្ឋបាលសាធារណៈដែលត្រូវអនុវត្តបន្តក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ក្រសួងមុខងារសាធារណៈក៏ទទួលបានការប្រគល់តួនាទីនិងភារកិច្ចបន្ថែមក្នុងក្របខណ្ឌជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធា រ ណៈរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សមត្ថ ភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី ការលើកកម្ពស់ប្រសិទ្ធ ភាពការ ងារ និងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មរដ្ឋបាលសាធារណៈ។


ប្រទីបរបស់ក្រសួងមុខងារសាធារណៈ ត្រូវបានរចនាឡើងដោយការរួមបញ្ចូលគ្នានៃរូបសញ្ញារបស់ក្រសួងមុខងារសាធារណៈ និងបន្ថែមរចនាបថលម្អមួយចំនួនទៀត រំលេចដោយភ្លើងពណ៌ភ្លឺផ្លេកប្រណីតគួរជាទីពេចពិលរមិលមើល ដែលមានខ្លឹមសារដូចខាងក្រោម៖


១. រូបសញ្ញាក្រសួងមុខងារសាធារណៈ មានទម្រង់ជារាងពងក្រពើ ពណ៌មាស ដែលមានទទឹងប្រវែងបីភាគបួននៃបណ្តោយ។ នៅចំកណ្តាលមានផ្កាចន្ទន៍ក្បាច់អង្គរភ្ជាប់សន្លឹកក្បាច់ភ្ញីទេសពីរទងរាងស្នែងក្របី តំណាងឱ្យមន្រ្តីរាជការស៊ីវិលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ នៅលើក្បាច់ភ្ញីទេស មានជើងពានទ្រសៀវភៅ ដែលតំណាងឱ្យក្បួនច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអភិវឌ្ឍមន្រ្តីរាជការស៊ីវិល និងមានមកុដរាជ្យមានកាំរស្មីចំនួន២៥(ម្ភៃប្រាំ)កាំ តំណាងឱ្យការគ្រប់គ្រងប្រទេស។


២. ក្រៅពីរូបសញ្ញាក្រសួងមុខងារសាធារណៈ ប្រទីបក៏មានការរចនាលំអបន្ថែមនូវរចនាបថខ្មែរដូចជា៖


• រូបពានក្រពុំបិណ្ឌសក្ការៈ១គូ អមសងខាង ជាគ្រឿងសក្ការៈដ៏ខ្ពង់ខ្ពស់រុងរឿង សម្រាប់ថ្វាយព្រះសម្មាសម្ពុទ្ធ ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស គ្រូបាអាចារ្យ ចាស់ព្រឹទ្ធាចារ្យ និងជាតំណាងឱ្យការឧទ្ទិសថ្វាយចំពោះព្រះចង្កូមកែវ បានប្រតិស្ឋានទុកនៅក្នុងពិភពនាគ និងបូជារំឭកដល់ស្នាមព្រះបាតព្រះអង្គ បានប្រតិស្ឋាននៅឯស្ទឹង «នម្មទា» របស់ព្រះសម្មាសម្ពុទ្ធព្រះនាម សមណគោតម។


• នៅពីក្រោមរូបសញ្ញាក្រសួង មានបន្ទះទម្រពណ៌មាសឆ្លាក់ចម្លាក់ក្បាច់អង្គរអមសងខាងផ្ការំដួលចំនួន៥ទង ដែលតំណាងឱ្យយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។


• នៅក្រោមបន្ទះទម្រមានរំលេចឈ្មោះក្រសួងមុខងារសាធារណៈ អមសងខាងដោយនរៈសិង្ហ ដែលតំណាងឱ្យអវតារបស់ព្រះវិស្ណុ មានខ្លួនជាមនុស្ស និងក្បាលជាសិង្ហ បញ្ជាក់អំពីអត្ថន័យនៃអំណាចរបស់មនុស្សលោកផ្សារភ្ជាប់នឹងធម្មជាតិ និងសត្វលោកទាំងអស់ រួមគ្នាកំចាត់ឧបទ្រព និងឧបសគ្គទាំងឡាយ ដើម្បីការពារថែរក្សាផលប្រយោជន៍របស់ប្រទេសជាតិ និងមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។


• រូបនាគរាជក្បាល៥ ដ៏អង់អាចអមសងខាង កំពុងហែលនៅលើផ្ទៃទឹក គឺជានិមិត្តរូបនៃភាពត្រជាក់ត្រជុំ រុងរឿង និង ជានិមិត្តរូបនៃការការពារនិងបន្តថែរក្សាស្នាដៃដែលបានបន្សល់ទុកពីថ្នាក់ដឹកនាំជំនាន់មុន ពិសេស សុខសន្តិភាពនិងការអភិវឌ្ឍជាតិគ្រប់វិស័យ ក្រោមមគ្គុទេសក៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកបដោយកតញ្ញុតាធម៌និងកតវេទិតា និងជំរុញវឌ្ឍនភាពនៃវិស័យមុខងារសាធារណៈឆ្ពោះទៅមុខជាបន្តទៀត ប្រកបដោយភាពជឿជាក់ក្រោម ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១