អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ថ្ងៃទី១


ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នារសៀលថ្ងៃអាទិត្យ ១៤កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅព្រះពន្លាជ័យ ខាងមុខព្រះបរមរាជវាំង ។


ព្រះរាជពិធីនេះមានការយាង និងអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំកំពូលជាច្រើនទៀតដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចពិជ័យសេនា ទៀ បាញ់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ដេចចៅហ្វាវាំង គង់ សំអុល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី រាជវង្សានុវង្ស ឧត្ដមទីប្រឹក្សាព្រះមហាក្សត្រ អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដារាជធានី-ខេត្ត យ៉ាងច្រើនកុះករប្រកបដោយទឹកមុខសប្បាយរីករាយ។


ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ ជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ផងដែរ។


ពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។


យោងតាមគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងថ្ងៃទី១(ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣) នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៣ នេះ មានទូកអុំ និងទូកចែវ បុរស-នារី(ខ្នាតជាតិ និងអន្តរជាតិ) សរុប ១៦៦គូ ឬស្មើនឹងចំនួនទូកសរុប ៣៣៨ ចូលរួម៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១