កិច្ចប្រជុំពិភាក្សាលើការរៀបចំនីតិវិធីប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២៣


នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំនីតិវិធីប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលសម្រាប់ឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


កិច្ចប្រជុំនេះប្រព្រឹត្តនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួនប្រមាណ៥០នាក់។


មុនចូលកិច្ចពិភាក្សា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានលើកឡើងនូវគោលការណ៍ ៣ និងវិធានគន្លឹះ៥ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងបានរម្លឹកឡើងវិញនូវប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី “ចេះ គឺជាប់” និង “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត”។ បន្ថែមលើនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់មតិណែនាំ តម្រង់ទិស ដល់អង្គប្រជុំលើចំណុចសំខាន់ៗ នៃកិច្ចប្រជុំលើគោលការណ៍ប្រឡង រួមមាន៖ (១)កំណត់សមាសភាពគណៈកម្មការប្រឡង (២)រៀបចំសេចក្តីជូនដំណឹងនៃការប្រឡងជ្រើសរើស តាមប្រភេទក្របខណ្ឌ កំរិតសិក្សា និងតាមតម្រូវការតាមអង្គភាព ឬទីកន្លែងត្រូវការជាក់ស្តែង (៣)កំណត់វិញ្ញាសារប្រឡងជ្រើសរើស (៤)រៀបចំបង្កើតគណៈកម្មការរៀបចំវិញ្ញាសារសម្រាប់ការប្រឡង (៥)រៀបចំបង្កើតអនុគណៈកម្មការ និងអ្នកសង្កេតការណ៍សម្រាប់ការប្រឡង និងទី(៦)កំណត់កាលបរិច្ឆេទប្រឡង។


បន្ទាប់ពីកិច្ចពិភាក្សា និងការចូលរួមផ្តល់មតិយោបល់ទាំងស្ថានភាពការងារ និងបញ្ហាដែលជួបប្រទះ ដែលជាធាតុចូលយ៉ាងផុសផុលពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួចមក អង្គប្រជុំបានសម្រេចឯកភាព ចូលរួមយ៉ាងមោះមុតក្នុងការងារកំណែទម្រង់ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងមានក្រសួងមុខងារសាធារណៈ ជាសេនាធិការ ព្រមទាំងបានសម្រេចកំណត់ការងារមួយចំនួន រួមមាន៖ ១-កំណត់សមាសភាពគណៈកម្មការប្រឡង ២-កំណត់គណៈកម្មការវិញ្ញាសារ ៣-កំណត់វិញ្ញាសារប្រឡងជ្រើសរើស ៤-កំណត់អ្នកអង្កេតការណ៍ ៥-ការកំណត់កាលបរិច្ឆេទនៃការប្រឡង ៦-កំណត់មណ្ឌលកំណែ។


នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំឱ្យក្រសួង-ស្ថាប័ន នីមួយៗ ជួយពន្លឿនឯកសារពាក់ព័ន្ធនឹងការប្រឡងប្រជែងមន្ត្រីរាជការស៊ីវិលឆ្នាំ២០២៣ ដោយបញ្ជាក់ប្រភេទក្របខណ្ឌ តាមគុណវុឌ្ឍ កំរិតសិក្សា និងតាមតម្រូវការតាមអង្គភាព ឬទីកន្លែងត្រូវការជាក់ស្តែង។ បន្ថែមលើនេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តភារកិច្ច និងការចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់ធាតុចូល និងកង្វល់បញ្ហា ដែលនឹងប្រឈម ដើម្បីធានាការប្រឡងប្រព្រឹត្តទៅ ស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលជាទស្សនវិស័យ និងគោលការណ៍កែទម្រង់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១