កិច្ចប្រជុំអន្តរក្រសួងបន្តពិនិត្យនិងពិភាក្សាបន្ថែម លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំប្រឡងប្រជែងការជ្រើសរើសមន្ត្រីរាជការស៊ីវិល


នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី «ការរៀបចំប្រឡងប្រជែងការជ្រើសរើសមន្ត្រីរាជការស៊ីវិល»។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកអនុគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ សមាសភាពចម្រុះមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សរុបចំនួនប្រមាណ ៥០នាក់។


បន្ទាប់ពីកិច្ចពិភាក្សា និងការចូលរួមផ្តល់មតិយោបល់ជាធាតុចូលយ៉ាងផុសផុលរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់មតិណែនាំ តម្រង់ទិស និងលើកគំនិតឱ្យបន្តលើកយកសេចក្តីព្រាងអនុក្រឹត្យ ស្តីពី «ការរៀបចំប្រឡងប្រជែងការជ្រើសរើសមន្ត្រីរាជការស៊ីវិល» នេះ ទៅពិភាក្សានៅក្នុងក្រុម (Group) នៃអនុគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈក្នុងរយៈពេលមួយសប្តាហ៍ មុនពេលកិច្ចប្រជុំសម្រេចចុងក្រោយ ពិសេសទៅលើទម្រង់នៃអនុក្រឹត្យនេះ ឱ្យស្របតាមបទដ្ឋានគតិយុត្តនានា។


សេចក្តីព្រាងអនុក្រឹត្យ ស្តីពី «ការរៀបចំប្រឡងប្រជែងការជ្រើសរើសមន្ត្រីរាជការស៊ីវិល» មាន៤ជំពូក និង៨មាត្រា ដោយបានកំណត់អំពីយន្តការស្ថាប័ន បែបបទ និងនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសឱ្យចូលក្របខណ្ឌរាជការស៊ីវិល ក្នុងគោលបំណងធានានូវការជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដើម្បីឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងមុខងារដែលបានផ្ទេរក្នុងក្រសួងអប់រំ យុវជន និងកីឡា សុខាភិបាលទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១