ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ ប្រជុំពិភាក្សាលើការរៀបចំនីតិវិធីប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្រ្តីរាជការស៊ីវិល របស់អង្គភាពប្រឆាំងអំពើពុករលួយចំនួន ៣៣កន្លែង សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២៣


នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំនីតិវិធីប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្រ្តីរាជការស៊ីវិល របស់អង្គភាពប្រឆាំងអំពើពុករលួយចំនួន ៣៣កន្លែង សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២៣ នៅបន្ទប់ប្រជុំទីស្តីការក្រសួង ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ នាយករងសាលាភូមិន្ទរដ្ឋបាល អង្គភាពជំនាញនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួនប្រមាណ ៣៥នាក់។


បន្ទាប់ពីកិច្ចពិភាក្សា និងមតិផ្តល់យោបល់ពីអង្គប្រជុំរួចមក ឯកឧត្តមរដ្ឋលេខាធិការប្រចំាការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តភារកិច្ច និងការចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានកំណត់លើរបៀបវារៈជាច្រើន រួមមាន៖

(១)កំណត់សមាសភាពគណៈកម្មការប្រឡង

(២)រៀបចំសេចក្តីជូនដំណឹងនៃការប្រឡងជ្រើសរើស តាមប្រភេទក្របខណ្ឌ កំរិតសិក្សា និងតាមតម្រូវការតាមអង្គភាព ឬទីកន្លែងត្រូវការជាក់ស្តែង

(៣)កំណត់វិញ្ញាសារប្រឡងជ្រើសរើស

(៤)រៀបចំបង្កើតគណៈកម្មការរៀបចំវិញ្ញាសារសម្រាប់ការប្រឡង

(៥)រៀបចំបង្កើតអនុគណៈកម្មការ និងអ្នកសង្កេតការណ៍សម្រាប់ការប្រឡង និង

(៦)កំណត់កាលបរិច្ឆេទប្រឡង ដើម្បីធានាការប្រឡងប្រព្រឹត្តទៅស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលជាទស្សនវិស័យ និងគោលការណ៍កែទម្រង់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១