សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ចុះអនុស្សរណៈ នៃការយោគយល់ ជាមួយក្រសួងព័ត៌មាន និងសាលាជាតិគយ


នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់រវាងសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ជាមួយក្រសួងព័ត៌មាន និងសាលាជាតិគយ ដោយមានការអញ្ជើញជាគណៈអធិបតី ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សានៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសាលាជាតិគយ ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ក្រសួងព័ត៌មាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសាលាជាតិគយ។


អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងសំខាន់ គឺផ្ដោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្ដុះបណ្ដាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្តល់អត្ថប្រយោជន៍ដល់គូភាគី ទៅវិញទៅមក។


បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល រួចមក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សុទ្ធតែបានបង្ហាញភាពជឿជាក់មកលើសាលាភូមិន្ទរដ្ឋបាល ថាជាសាលាដែលមានបទពិសោធក្នុងការបណ្តុះបណ្តាលមន្ត្រី ក៏ដូចជាការអភិវឌ្ឍការងាររដ្ឋបាល។


ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណទៅដល់ក្រសួងព័ត៌មាន និងសាលាជាតិគយ ក្នុងការជឿជាក់មកលើសាលាភូមិន្ទរដ្ឋបាល ពិតណាស់ពាក្យថា «ជំនឿទុកចិត្ត» ឬ «ជំនឿទុកចិត្តដែលបានមកពីប្រជាពលរដ្ឋ» ត្រូវការការអនុវត្តជាប្រចាំ ហើយត្រូវការពេលវេលា។ ដូច្នេះ ការងារដែលយើងកំពុងតែធ្វើប្រចាំថ្ងៃជាវិជ្ជមានទាមទារពេលវេលា និងការប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។


ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា អនុស្សរណៈនៃការយោគយល់នេះ នឹងផ្តល់ជាផែនទីចង្អុលផ្លូវសម្រាប់ការរៀបចំផែនការលម្អិតក្នុងទម្រង់ផ្សេងៗនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និត និងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីសហការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត។ ជាងនេះទៅទៀត ការងារនេះ ជាការចូលរួមក្នុងស្មារតីបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលជាចក្ខុវិស័យដ៏ច្បាស់លាស់ នៃយុទ្ធសាស្ត្របញ្ចកោណ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១