នៅសល់១០ថ្ងៃទៀត ការទទួលពាក្យប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នឹងត្រូវបានបិទឈប់ទទួលពាក្យ


នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ បានប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាព នៃការទទួលពាក្យសុំសិទ្ធិប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ-សង្កាត់ សម្រាប់ឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ“តេជោសន្តិភាព” សាលាភូមិន្ទរដ្ឋបាល។


មុនចូលកិច្ចពិភាក្សាស៊ីជម្រៅ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ បានលើកឡើងថា “គិតមកដល់ពេលនេះ នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងដំណើរការដាក់ពាក្យចូលរួមប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ-សង្កាត់ សម្រាប់ឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងត្រូវបានបិទ។” បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានរម្លឹក ប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី “ចេះ គឺជាប់” និង “ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត”។


សូមជម្រាបថា មកទល់ពេលនេះ មានសាធារណជនជាង១ម៉ឺននាក់ បានចាប់អារម្មណ៍ដាក់ពាក្យប្រឡង ហើយក្រុមការងារកំពុងយកចិត្តទុកដាក់ពិនិត្យសម្រាំងអនុម័តបេក្ខជនដែលបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ឆ្ពោះទៅការប្រឡង។ រួមជាមួយគ្នានេះផងដែរ កិច្ចប្រជុំនាព្រឹកនេះ បានពិភាក្សាទៅលើរបៀបវារៈជាច្រើន ជាពិសេសការរៀបចំវិញ្ញាសារប្រឡង កំណត់កាលបរិច្ឆេទ មណ្ឌលប្រឡង រួមជាមួយបទដ្ឋាននីតិវិធីនានា ដើម្បីធានាការប្រឡងប្រព្រឹត្តទៅស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលជាទស្សនវិស័យរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងគោលការណ៍កែទម្រង់ស្របតាមយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញ។


សូមរម្លឹកផងដែរថា ការទទួលចុះឈ្មោះប្រឡងប្រជែង បានចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។


ដើម្បីដាក់ពាក្យប្រឡងប្រជែង បេក្ខជនចូលតាមរយៈ (១) ប្រព័ន្ធអនឡាញ៖ https://lms.era.gov.kh/qrlink/2A ឬ (២)ទាក់ទងមកមន្ទីរមុខងារសាធារណៈតាមបណ្តាខេត្ត ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើម។


សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ ០៧៨ ២៤៣២៣៥ ឬ ០១២ ៨៤៣ ១១៤ ឬ ចូលទីកាន់តំណភ្ជាប់ https://lms.era.gov.kh/qrlink/2G ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១