ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម


ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ក្នុងជំនួបនេះដែរ តំណាងក្រុមប្រឹក្សាជាតិគាំពារសង្គម បានសម្តែងការគួរសម ក៏ដូចជារាយការណ៍អំពីវឌ្ឍនភាព និងទិសដៅអនាគតនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជាជូនដល់ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដើម្បីជាការស្វែងយល់លម្អិត និងផ្តល់ការចូលរួមសហការគាំទ្រការអនុវត្តឆ្ពោះទៅមុខ។


ក្រោយស្តាប់នូវរបាយការណ៍តាមរយៈបទបង្ហាញយ៉ាងក្បោះក្បាយ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការចូលរួមអនុវត្តយ៉ាងហ្មត់ចត់នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសមុំស្ដីពីប្រព័ន្ធគាំពារសង្គម ក៏ដូចជាកម្មវិធីគោលនយោបាយអាទិភាព ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងមុខងារសាធារណៈ ក្នុងការបន្តផ្តល់កិច្ចសហការ គាំទ្រ ពិភាក្សា និងផ្តល់ជាធាតុចូលជាបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាជាតិគាំពារសង្គម ឆ្ពោះទៅរកការរួមគ្នាសម្រេចនូវទិសទៅអនាគតនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១