សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត»


នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំផ្ញើទៅដល់ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ២៥០ នាក់ នៅពេលខាងមុខនេះថា ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត»។


ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្មនៅព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កត់សម្គាល់ពីដំណើរការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំថា កំពុងមានការចាប់អារម្មណ៍ខ្លាំង ដោយគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា នេះ មានបេក្ខជនចំនួនជិត ១ម៉ឺននាក់ហើយ ដែលបានដាក់ពាក្យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ដំណើរការប្រឡងប្រជែងនេះ នឹងជ្រើសរើសបានមន្ត្រីប្រកបដោយគុណភាព ពោលគឺ ការជ្រើសរើសមន្ត្រីនេះ ត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត»។


សម្តេចបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «អញ្ចឹងយើងបានការប្រកួតប្រជែងនេះហើយធ្វើម៉េចឲ្យបានត្រឹមត្រូវ តម្លាភាព យើងធានាអ្នកមានសមត្ថភាពចេះជាប់។ ១ម៉ឺននាក់ យើងយក ២៥០នាក់ ច្បាស់ជាមានអ្នកធ្លាក់ហើយ តែបើជាប់ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» នេះជាគោលការណ៍»។


សូមបញ្ជាក់ជូនថា កម្មវិធីគោលនយោបាយអាទិភាព ទី៥ និងទី៦ របស់រាជរដ្ឋាភិបាលសម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣នេះ រួមមាន៖ កម្មវិធីទី៥. គឺការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែម ប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេស លើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀតតាមការចាំបាច់។


កម្មវិធីទី៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំសង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងយកចិត្តទុកដាក់ផងដែរ ទៅលើការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ដើម្បីរក្សាកម្លាំងរបស់កសិករក្នុងការផលិត ក៏ដូចជា ការតថ្លៃជាមួយអ្នកទទួលទិញ។


ការទទួលចុះឈ្មោះប្រឡងប្រជែង ចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។


ដើម្បីដាក់ពាក្យប្រឡងប្រជែង បេក្ខជនចូលតាមរយៈ (១) ប្រព័ន្ធអនឡាញ៖ ដោយចុចទីនេះ ឬ (២)ទាក់ទងមកមន្ទីរមុខងារសាធារណៈតាមបណ្តាខេត្ត ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើម។


សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ ០៧៨ ២៤៣២៣៥ ឬ ០១២ ៨៤៣ ១១៤ ឬ ចូលទៅកាន់តំណភ្ជាប់នេះ

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១