វគ្គបណ្ដុះបណ្ដាល ស្ដីពី «ការគ្រប់គ្រងថវិកា ការអនុវត្តថវិកា និងការរៀបចំ ការអនុវត្ត និងត្រួតពិនិត្យតាមដានថវិកាសមិទ្ធកម្ម» ត្រូវបានបញ្ចប់ដោយជោគជ័យ និងទទួលលទ្ធផលជាផ្លែផ្កាជាទីមោទនៈ


(ខេត្តព្រះសីហនុ)៖ វគ្គបណ្ដុះបណ្ដាល ស្ដីពី «ការគ្រប់គ្រងថវិកា ការអនុវត្តថវិកា និងការរៀបចំ ការអនុវត្ត និងត្រួតពិនិត្យតាមដានថវិកាសមិទ្ធកម្ម» ដែលក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការរៀបចំ និងបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ដោយជោគជ័យ និងទទួលលទ្ធផលជាផ្លែផ្កាជាច្រើនចេញពីបទបង្ហាញ និងកិច្ចពិភាក្សា។


វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ បានរៀបចំឱ្យមានបទបង្ហាញរួមមាន (១)គោលការណ៍ណែនាំ ស្តីពីការរៀបចំថវិកាសមិទ្ធកម្ម (២)នីតិវិធីអនុវត្តចំណាយថវិកា (៣)ការតាមដានក្នុងក្របខ័ណ្ឌថវិកាសមិទ្ធកម្ម  (៤)ការវាយតម្លៃក្នុងក្របខ័ណ្ឌថវិកាសមិទ្ធកម្ម (៥)អនុវត្តន៍ជាក់ស្តែង ស្តីពីនីតិវិធីអនុវត្តចំណាយថវិកា និង(៦)អនុវត្តន៍ជាក់ស្តែង ស្តីពីការរៀបចំផែនការតាមដានសមិទ្ធកម្ម ហើយវគ្គបណ្តុះបណ្តាលបានរៀបចំវេទិកាពិភាក្សា សំណួរចម្លើយ ដោះស្រាយលំហាត់ពាក់ព័ន្ធបទបង្ហាញខាងលើផងដែរ។


ជាមួយគ្នានោះដែរ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការគ្រប់គ្រងថវិកា ការអនុវត្តថវិកា និងការរៀបចំ ការអនុវត្ត និងត្រួតពិនិត្យតាមដានថវិកាសមិទ្ធកម្ម»  ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានសហការគ្នាយ៉ាងល្អ រៀបចំវគ្គបណ្តុះបណ្តាល នេះឡើងឱ្យប្រព្រឹត្តទៅយ៉ាងរលូន និងដោយការយកចិត្តទុកដាក់ខ្ពស់។ ឯកឧត្តមបានបញ្ជាក់បន្ថែមជូនសមាសភាពដែលបានចូលរួមសូមយកនូវពុទ្ធិនៃចំណេះដឹងនេះ ទៅប្រើប្រាស់ឱ្យអស់លទ្ធភាព​ និងគ្រប់សក្តានុពល​ សម្រាប់អនុវត្តន៍ការងារឆ្ពោះទៅអនាគត ជាពិសេសក្នុងបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាវិស័យអាទិភាព របស់រាជរដ្ឋាភិបាល អាណត្តិទី៧៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១