តើអ្នកដឹងទេ? កាលពីឆ្នាំ២០១៩ ជ័យលាភីចំណាត់ថ្នាក់លេខ១បានទៅលើអង្គភាពណាខ្លះ?
តើអ្នកដឹងទេ? កាលពីឆ្នាំ២០១៩ ជ័យលាភីចំណាត់ថ្នាក់លេខ១ អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ បានទៅលើវិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង រីឯជ័យលាភីលេខ១ អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ សុខាភិបាល ក្នុងកម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ កម្រិត២ និងកម្រិត៣ បានទៅលើមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យខេត្តកំពង់ចាម។
គួររំលឹកថា កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ លេខ៥៤ អនក្រ.បក ស្តីពី «ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការរបស់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិ ស័យអប់រំ និងសុខាភិបាល ឱ្យកាន់តែប្រសើរឡើងតាមរយៈការកំណត់ឱ្យមានការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយឈរលើគោលការណ៍សុក្រឹតភាព តម្លាភាព និងសមិទ្ធកម្ម។
សម្រាប់ឆ្នាំ២០២៣ នេះ ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលដឹកនាំរៀបចំអនុវត្តដោយក្រសួងមុខងារសាធារណៈ បានត្រឡប់មកសារជាថ្មី។ ក្រោយឆ្លងកាត់ដំណាក់កាលនៃការជ្រើសសម្រាំងអង្គភាពផ្តល់សេវាសាធារណៈឆ្នាំ២០២៣ ដំណាក់កាលបឋមរួចមក គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ បានស្វែងរកឃើញនូវជម្រើសបឋមចំនួន១៥ បេក្ខភាព ដើម្បីឈានទៅកាន់ដំណាក់កាលបន្ទាប់។
ក្នុងន័យនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងដឹកនាំកិច្ចប្រជុំ ពិនិត្យវាយតម្លៃជ្រើសសម្រាំងបេក្ខភាព ជ័យលាភីអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពគំរូ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដើម្បីស្វែងរកបេក្ខភាពដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេ ចំនួន១០ ក្នុងមួយកម្រិត សម្រាប់ ឆ្ពោះទៅការវាយតម្លៃដោយផ្ទាល់នៅទីតាំងជាក់ស្តែង មុននឹងឈានដល់ការពិនិត្យសម្រេចចុងក្រោយនិងការប្រកាសលទ្ធផលជ័យលាភី។
សូមសាធារណជនរង់ចាំតាមដានថា តើអង្គភាពណា នៅក្នុងខេត្តណា ដែលនឹងក្លាយជាម្ចាស់ជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣។