ការឈានមកដល់ថ្ងៃបញ្ចប់នៃសិក្ខាសាលាស្តីពី៖ «ការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំប្រកបដោយបរិវត្តកម្ម សម្រាប់មន្រ្តីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត»


(សៀមរាប)៖ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំប្រកបដោយបរិវត្តកម្មសម្រាប់មន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត» ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។


សិក្ខាសាលារយៈពេលបីថ្ងៃនេះ ត្រូវបានប្រារព្ធឡើងដោយមានព័ត៌មានជាធាតុចូលយ៉ាងច្រើនចេញពីបទបង្ហាញនានា ពាក់ព័ន្ធទៅលើភាពជាអ្នកដឹកនាំផ្លាស់ប្តូរ, ករណីសិក្សាលើការអភិវឌ្ឍប្រព័ន្ធតាមដានឯកសារ, ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំក្នុងសេវាកម្មស៊ីវិល, ការអនុវត្តមុខងារមន្ត្រីរាជការក្នុងរបៀបបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យក្នុងមុខងារស៊ីវិល, ការអនុវត្តមន្ត្រីរាជការតាមរបៀបដែល បង្កើតការផ្លាស់ប្តូរប្រកបដោយ អត្ថន័យក្នុងមុខងារស៊ីវិល, ការផ្លាស់ប្តូរអង្គការដែលអាចជំរុញចក្ខុវិស័យអង្គការរបស់អ្នកឆ្ពោះទៅមុខ, ការជំរុញបញ្ញា និងការច្នៃប្រឌិតក្នុងការផ្តល់សេវាសាធារណៈ និងមធ្យោបាយប្រកបដោយប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈប្រកបដោយភាពច្នៃប្រឌិតនៅក្នុងអង្គការរបស់អ្នក។


បន្ថែមលើបទបង្ហាញដូចបានរៀបរាប់ខាងលើ សិក្ខាសាលាក៏បានរៀបចំឲ្យមានវេទិកាដើម្បីពិភាក្សាមួយចំនួនទៀតក្នុងគោលដៅ ជីកកកាយឲ្យកាន់តែជ្រៅលើប្រធានបទនីមួយៗព្រមទាំងជាឱកាសចែករំលែកបទពិសោធន៍ រវាងគ្នានិងគ្នាជូនដល់សិក្ខាកាមដែលចូលរួមមកពីលេខាធិការដ្ឋានអាស៊ាន ប្រទេសជាសមាជិកអាស៊ាន និងទីម័រខាងកើត និងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។


ក្នុងកម្មវិធីបិទ សិក្ខាសាលាបានអនុញ្ញាតឱ្យសិក្ខាកាមបានលើកឡើងធ្វើចំណាប់អារម្មណ៍ក៏ដូចជាចំណេះដឹង បទពិសោធន៍ ដែលសិក្ខាកាមបានរៀនសូត្រ និងការវាយតម្លៃលើការរៀបចំអង្គសិក្ខាសាលាឱ្យកាន់ប្រសើរក្នុងការរៀបចំនៅពេលក្រោយផងដែរ។


ជាមួយគ្នានេះ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់សិក្ខាកាមជាតិ និងអន្តរជាតិ ដែលបានចូលរួមយ៉ាងផុលផុស ហើយធ្វើឱ្យសិក្ខាសាលានេះទទួលបានលទ្ធផលគួរជាទីមោទនៈ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១