អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបអនុស្សាវរីយ៍លើកទី៧០


នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងគណៈប្រតិភូក្រសួងមុខងារសាធារណៈ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារីក្លាហានដែលបានពលីបូជាជីវិតក្នុងបុព្វហេតុឯករាជ្យជាតិ និងចូលរួមក្នុងពិធីមិទ្ទិញ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។


នាព្រឹកដ៏មហានក្ខត្តឫក្សនេះផងដែរ វត្តមានរបស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងការពារជាតិ កងយោធពលខេមរភូមិន្ទ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូប ក៏ចូលរួមសាមគ្គីមូលមីនៅខាងមុខព្រះបរមរាជវាំង ដើម្បីអបអរសាទទិវាបុណ្យឯករាជ្យជាតិ ផង និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ផង។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យប្រជាជនខ្មែរគ្រប់ៗរូបចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញជូនកម្ពុជា ប្រកបដោយសន្តិវិធី។ រយៈ៧០ ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់នូវដំណើរវិវឌ្ឍន៍លើភាពជាម្ចាស់នៃជោគវាសនា និងអនាគតប្រទេសរបស់ខ្លួន រហូតយើងមានការរីកចម្រើនលូតលាស់បានដូចសព្វថ្ងៃ ក្រោមដំបូលនៃសុខសន្តិភាពដ៏ត្រជាក់ ហើយបន្តឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់។


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ រួមជាមួយកូនចៅជំនាន់ក្រោយ ចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏មហាឧត្តុង្គឧត្តមថ្លៃថ្លា របស់អង្គព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារបាននូវឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយប្តេជ្ញា ដើរតាមលំអាននៃការថែរក្សាបូរណភាពទឹកដី ឯករាជ្យ ក្នុងភាពជាម្ចាស់នៃជោគវាសនាអនាគតខ្លួនឯង និងការពារដាច់ខាតនូវការប៉ុនប៉ងណាមួយ ដែលយាយីដល់សេចក្តីសុខ របស់ប្រជាជាតិកម្ពុជា។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១