ឯកឧត្តម ប៉ូល ពីឌូ តំណាងក្រសួងមុខងារសាធារណៈ  បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយដំបូង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំពី ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា និង ឯកឧត្តម UENO Atsushi


កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងក្រសួងមុខងារសាធារណៈ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយដំបូង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី។ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយស្ដីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា, តំណាងក្រសួងការបរទេសជប៉ុន, តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា សរុបប្រមាណ១៣០រូប ។


ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ដោយផ្តោតលើវិស័យ អាទិភាពចំនួន ៣ គឺ (១) បរិវត្តកម្មសង្គមឌីជីថល (២) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាព និង (៣)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ដោយវិស័យទាំងនេះមានសង្គតិភាពជាមួយទិសដៅអភិវឌ្ឍន៍ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងធម្មនុញ្ញកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់ជប៉ុន។ ជាមួយគ្នានេះ ភាគីជប៉ុនក៏បានឯកភាពយកសំណើ និងធាតុចូលរបស់ភាគីកម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុង សេចក្តីព្រាងនៃគោលនយោបាយស្តីពី សហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ដែលភាគីជប៉ុនគ្រោងនឹងរៀបចំនៅឆ្នាំ២០២៤។


គួរញ្ជាក់ផងដែរថា ភាគីជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ពោលគឺ ចាប់ពីឆ្នាំ១៩៥២ ដល់ឆ្នាំ២០២២ ភាគីជប៉ុនបានបើកផ្ដល់ហិរញ្ញប្បទានដល់កម្ពុជា ប្រមាណ ៤.៣១៥ លានដុល្លារ ស្មើនឹង ១៤% នៃហិរញ្ញប្បទានផ្ដល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់។ ទំហំហិរញ្ញប្បទានរបស់ជប៉ុនត្រូវបានរំពឹងថា នឹងកើនឡើងជាបន្តបន្ទាប់ តាមរយៈការចុះហត្ថលេខាលើលិខិតប្តូរសារក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។ ដោយឡែក កិច្ចប្រជុំកម្រិតគោលនយោបាយស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ត្រូវបានរៀបចំឡើងចំនួន ១៣ លើក រួចមកហើយ ដោយកិច្ចប្រជុំលើកទី ១៤ នេះ គ្រោងនឹងធ្វើឡើងក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យាដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១