ក្រសួងមុខងារសាធារណៈ អនុញ្ញាតឱ្យនិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ធ្វើទស្សនកិច្ចសិក្សានៅក្រសួងមុខងារសាធារណៈ


នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សាស្ត្រាចារ្យសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានដឹកនាំនិស្សិតសិក្សាផ្នែកច្បាប់ និងរដ្ឋបាលសាធារណៈ សរុបចំនួន៣០អង្គ/នាក់ បានមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ក្រសួងមុខងារសាធារណៈ។


ឯកឧត្តម ហាស់ ប៊ុនថ្ថន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ស្វាគមន៍ និងបានចាត់ទុកថា ការជ្រើសរើសយកក្រសួងមុខងារសាធារណៈដើម្បីធ្វើទស្សនកិច្ចសិក្សារបស់សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនៅពេលនេះ គឺជាការបង្ហាញពីការចង់ចេះចង់ដឹងអំពីកិច្ចការងារជាក់ស្តែង និងភាពប្រទាក់ក្រឡាគ្នា ក្នុងវិស័យមុខងារសាធារណៈនៅកម្ពុជា និងបានបញ្ជាក់បន្ថែមថា ការទស្សនកិច្ចសិក្សាដោយផ្ទាល់ជាការក្រេបយកចំណេះដឹងបន្ថែមទៀតនៃការអនុវត្តជាក់ស្តែង បន្ថែមពីលើការសិក្សាជាមេរៀននៅថ្នាក់រៀនរបស់យើង។


បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមអនុរដ្ឋលេខាធិការ រួចមក លោក ឌឹត សំណាង អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងមុខងារសាធារណៈ ក៏បានឡើងធ្វើបទបង្ហាញ វីដេអូឯកសាររយៈពេល១៧នាទី ស្តីពី សមិទ្ធផល៥ឆ្នាំរបស់ក្រសួងមុខងារសាធារណៈ ពីឆ្នាំ២០១៨-២០២២ និងបទបង្ហាញ ស្តីពី ប្រវត្តិរបស់ក្រសួងមុខងារសាធារណៈ និងតួនាទី ភារកិច្ចរបស់ក្រសួងមុខងារសាធារណៈ បន្ទាប់មក លោក ឡេង សុភ័ក្ត្រ ប្រធាននាយកដ្ឋានធនធានមនុស្សនៃក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញស្តីពី លក្ខខណ្ឌ ដើម្បីក្លាយជាមន្ត្រីរាជការ និងអត្ថប្រយោជន៍របស់មន្ត្រីរាជការ។


នៅចុងបញ្ចប់នៃបទបង្ហាញនេះ សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍ចង់ប្រឡងចូលបម្រើការងារជាមន្ត្រីរាជការ នៅពេលពួកគាត់បញ្ចប់ការសិក្សា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១