រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពី «លក្ខន្តិកៈរបស់សាលាភូមិន្ទរដ្ឋបាល» ដែលហៅកាត់ថា ស.ភ.រ.
អត្ថបទសង្ខេប៖
រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពី «លក្ខន្តិកៈរបស់សាលាភូមិន្ទរដ្ឋបាល» ដែលហៅកាត់ថា ស.ភ.រ. ។ អនុក្រឹត្យនេះ ត្រូវបានរៀបចំឡើងដើម្បីធានាបាន នូវការរៀបចំមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាពរបស់សាលាភូមិន្ទរដ្ឋបាល ក្នុងការបំពេញបេសកកម្ម និងមុខងារគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សឆ្លើយតបនឹងតម្រូវការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សាលាភូមិន្ទរដ្ឋបាល គឺជាស្ថាប័នបណ្តុះបណ្តាលអនាគតអ្នកដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ស្របទៅតាមការវិវត្តឥតឈប់ឈរនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងសង្គម។ សាលាភូមិន្ទរដ្ឋបាលមានបេសកកម្មបណ្តុះបណ្ដាលតាមរយៈវគ្គបណ្តុះបណ្ដាលដំបូង វគ្គបណ្តុះបណ្ដាលបន្ត និងវគ្គបណ្តុះបណ្ដាលជំនាញសម្រាប់សិស្ស និស្សិត និងមន្រ្តីរាជការ ដើម្បីបម្រើការងារក្នុងវិស័យសាធារណៈ។ ការប្រឡងប្រជែងចូលរៀន គឺជាមធ្យោបាយតែមួយសម្រាប់ធ្វើការជ្រើសរើសភ្នាក់ងារសាធារណៈដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រនីតិរដ្ឋ និងការលើកកម្ពស់សមធម៌នៃឱកាស។ សាលាភូមិន្ទរដ្ឋបាលក៏បានផ្តល់វគ្គបណ្តុះបណ្ដាលបន្តដល់មន្រ្តីរាជការស៊ីវិលដែលមានរយៈពេលពី ៩ខែ ដល់ ១២ខែ ដែលប្រការនេះបានផ្តល់ដល់មន្រ្តីដែលមានបទពិសោធន៍រួច ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងទទួលបាននូវបច្ចេកទេសទាន់សម័យក្នុងការគ្រប់គ្រងសាធារណៈ។
លេខលិខិត៖ ៣២៦ អនក្រ.បក
កាលបរិច្ឆេទ៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
ទាញយកឯកសារ៖ PDF File: ទាញយក | Download 10 MB
ចំនួនអ្នកទស្សនា៖ 427 Views