សិក្ខាសាលាស្តីពី «ការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំប្រកបដោយបរិវត្តកម្ម សម្រាប់មន្រ្តីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត» បានចូលមកដល់ថ្ងៃទី២


សិក្ខាសាលាស្តីពី «ការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំប្រកបដោយបរិវត្តកម្ម សម្រាប់មន្រ្តីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត» បានចូលមកដល់ថ្ងៃទី២។ កាលពីម្សិលមិញ សិក្ខាសាលានេះមានសកម្មភាព និងរបៀបវារៈជាច្រើនដែលគួរឱ្យកត់សម្គាល់។


បន្ទាប់ពី ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា បានប្រកាសបើកសិក្ខាសាលា ស្តីពី «ការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំប្រកបដោយបរិវត្តកម្ម សម្រាប់មន្រ្តីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត» រួមមក អង្គសិក្ខាសាលាបានដំណើការបន្តតាមរបៀបវារៈដែលបានកំណត់រួមមាន៖ (១) បទបង្ហាញស្តីពី “ភាពជាអ្នកដឹកនាំផ្លាស់ប្តូរ” ដោយសាស្រ្តាចារ្យ YAMAMOTO Akira សាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិរដ្ឋបាលសាធារណៈ អាជ្ញាធរបុគ្គលិកជាតិ ប្រទេសជប៉ុន (២) បទបង្ហាញស្តីពី «ករណីសិក្សាលើការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងចរន្ដឯកសារ» ដោយលោក ម៉េង ម៉ង់ទិត អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈកម្ពុជា (៣) បទបង្ហាញស្តីពី “ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំក្នុងសេវាកម្មស៊ីវិលនៃប្រទេសឥណ្ឌូនេស៊ី” ដោយលោក Satya Pratama ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍសេវាកម្មស៊ីវិលនៃទីភ្នាក់ងារសេវាស៊ីវិលជាតិ តំណាងប្រទេសឥណ្ឌូនេស៊ី។ ជាងនេះទៅទៀត សិក្ខាសាលាក៏បានរៀបចំកិច្ចពិភាក្សាស្តីពី «ភាពជាអ្នកដឹកនាំការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព» ដោយុមានការអញ្ជើញចូលរួមពីវាគ្មិន ២រូបគឺ លោកស្រី តឹក កុស្សនា អគ្គនាយករងនៃក្រសួងមុខងារសាធារណៈកម្ពុជា លោកបណ្ឌិត Yudhantoro Bayu Wiratmoko ប្រធានការិយាល័យតំបន់ X NCSA Denpasar នៃទីភ្នាក់ងារសេវាស៊ីវិលជាតិនៃប្រទេសឥណ្ឌូនេស៊ី ក្រោមការសម្របសម្រួលរបស់លោកសាស្ត្រាចារ្យ YAMAMOTO Akira សាស្ត្រាចារ្យនៃវិទ្យាស្ថានជាតិរដ្ឋបាលសាធារណៈ អាជ្ញាធរជាតិគ្រប់គ្រងបុគ្គលិក ប្រទេសជប៉ុន។


នារសៀលថ្ងៃដដែល សិក្ខាសាលាក៏បានរៀបចំឱ្យមានបទបង្ហាញចំនួន២ រួមមាន៖ (១) បទបង្ហាញស្តីពី «ការអនុវត្តមុខងារមន្ត្រីរាជការក្នុងរបៀបបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យក្នុងមុខងារស៊ីវិលនៃប្រទេសឡាវ» ឧទ្ទេសដោយលោក Phetsamone PHETPHOEVONG ក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេសឡាវ និង(២) បទបង្ហាញស្តីពី «ការអនុវត្តមន្ត្រីរាជការតាមរបៀបដែល បង្កើតការផ្លាស់ប្តូរប្រកបដោយ អត្ថន័យក្នុងមុខងារស៊ីវិលនៃប្រទេសមីយ៉ាន់ម៉ា” ឧទ្ទេសដោយលោក Kyaw Soe សាកលវិទ្យាធិការនៃបណ្ឌិតសភាសេវាកម្មស៊ីវិល (Upper Myanmar Myanmar) រួមទាំងកិច្ចពិភាក្សាស្តីពី «ការកែលម្អការអនុវត្តរបស់អង្គការ» ដែលមានការចូលរួមដោយវាគ្មិន៣រូប គឺ Haji Rusdi bin Haji Jadi តំណាងប្រទេសព្រុយណេ, លោក DALAVONG SINGTHAVONE អគ្គនាយកនៃក្រសួងកិច្ចការផ្ទៃក្នុងឡាវ និងលោក Zaw Mae Win អគ្គនាយកនៃក្រុមប្រឹក្សាសេវាស៊ីវិលសហភាពមីយ៉ាន់ម៉ា ក្រោមការសម្របសម្រួលដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១