ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី៖ «ការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំប្រកបដោយបរិវត្តកម្ម សម្រាប់មន្រ្តីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត»


(សៀមរាប)៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំប្រកបដោយបរិវត្តកម្មសម្រាប់មន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត» នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។ ក្នុងពិធីបើកសិក្ខាសាលានេះដែរ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈកម្ពុជា និងសិក្ខាកាមមកពីលេខាធិការដ្ឋានអាស៊ាន ប្រតិភូពីប្រទេសជាសមាជិកអាស៊ាន និងអាស៊ានបូក រួមទាំងមន្ត្រីរាជការមកពីបណ្តាក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រមាណ ១៤០នាក់។


ជាកិច្ចស្វាគមន៍អង្គពិធី ឯកឧត្តម ឈុន សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍សង្ខេបអំពីការរៀបចំសិក្ខាសាលា ដោយបានបញ្ជាក់ថា នៅក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការលើវិស័យមុខងារសាធារណេះអាស៊ានបូកបី ក្រសួងមុខងារសារធារណៈកម្ពជា បានផ្តួចផ្តើមគម្រោងស្តីពី (Transformative Leadership) នៅក្នុងផែនការសកម្មភាព ២០២១ -២០២៥ ដោយមានការគាំទ្រពីមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ានបូកបី(ASEAN+3 Cooperation Fund)។ ក្នុងគម្រោងនេះ ក្រសួងមុខងារសាធារណៈ ត្រូវរៀបចំសិក្ខាសាលាស្តីពីការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំប្រកបដោយបរិវត្តកម្មសម្រាប់មន្រ្តីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត ចំនួន២ លើក ដែលលើកទី១ បានរៀបចំកាលពីខែសីហា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមជាមន្រ្តីកម្រិតប្រធាននាយកដ្ឋានទាំងជាតិ និងអន្តរជាតិប្រមាណ ១៧០ នាក់ ។ ការរៀបចំសិក្ខាសាលាពេលនេះ គឺជាសិក្ខាសាលាលើកទី២ ដែលមានអ្នកចូលរួមកម្រិតអគ្គនាយកទាំងជាតិ និងអន្តរជាតិចំនួន សរុប ១១៩ នាក់។


ថ្លែងប្រសាសន៍ក្នុងពិធីបើកសិក្ខាសាសាស្តីពី «ការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំប្រកបដោយបរិវត្តកម្មសម្រាប់មន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត» ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីសារៈសំខាន់នៃវិស័យមុខងារសាធារណៈនៅកម្ពុជា និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អាទិភាពលើវិស័យនេះ ដោយបានដាក់បញ្ចូលការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា សិក្ខាសាលានាថ្ងៃនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំទាំងអស់ មកពីប្រទេសសមាជិកអាស៊ាន និងអាស៊ានបូក និងមន្ត្រីកម្ពុជា ដើម្បីជួបចែករំលែកការអនុវត្តល្អៗពីគ្នាទៅវិញទៅមក ព្រោះភាពជាអ្នកដឹកនាំមានភាពសំខាន់ និងចាំបាច់សម្រាប់កំណែទម្រង់វិស័យមុខងារសាធារណៈ។


សូមបញ្ជាក់ថា សិក្ខាសាលានេះ នឹងប្រពឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការធ្វើបទបង្ហាញរបស់វាគ្មិនមកពី សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ ប្រទេសជប៉ុន ប្រទេសដែលជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត លើប្រធានបទធំៗ ចំនួន ៣ និងវេទិកាពិភាក្សា (Panel Discussion) លើប្រធានបទចំនួន៤៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១