ឯកឧត្តម រោង ឈង រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូចូលរួមវេទិកាកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ធនធានមនុស្សអាស៊ាន-ចិន លើកទី១


នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម រោង ឈង រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ ប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមវេទិកាកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ធនធានមនុស្សអាស៊ាន-ចិន សម្រាប់ឆ្នាំ២០២៣ និងពិព័រណ៍សេវាកម្មធនធានមនុស្ស ត្រូវបានរៀបចំឡើងដោយក្រសួងធនធានមនុស្សនិងសន្តិសុខសង្គម និងរដ្ឋាភិបាលនៃតំបន់ស្វយ័ត Guangxi Zhuang នៃសាធារណរដ្ឋប្រជាមានិតចិន។


វេទិកានេះ ប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន លើការងារមួយចំនួនដូចជា ការផ្លាស់ប្ដូរសេវាធនធានមនុស្ស ការជំរុញការអភិវឌ្ឍឧស្សាហកម្មគុណភាពខ្ពស់ ការចែករំលែកឱកាសថ្មីៗនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ការកសាងតំបន់ពាណិជ្ជកម្មសេរី ៣.០ និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។


វេទិកានេះប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ប្រទេសចិន មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមមកពីបណ្ដាប្រទេសទាំង១០របស់អាស៊ាន ក្នុងនោះរួមមានរដ្ឋមន្ត្រីក្រសួងការងារនិងសុខុមាលភាពសង្គមនៃប្រទេសឡាវ រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសមីយ៉ាន់ម៉ា ប្រធានទីភ្នាក់ងារផែនការនិងអភិវឌ្ឍធនធានមនុស្សនៃក្រសួងធនធានមនុស្សនៃប្រទេសឥណ្ឌូនេស៊ី អនុរដ្ឋលេខាធិការក្រសួងការងារ និងមុខរបរនៃប្រទេសហ្វីលីពីន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Tunku Abdul Rahman នៃប្រទេសម៉ាឡេស៊ី និងអគ្គលេខាធិការរងនៃការិយាល័យគណៈកម្មការអប់រំវិជ្ជាជីវៈនៃក្រសួងអប់រំនៃប្រទេសថៃ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១