កិច្ចប្រជុំពិភាក្សា «ស្តីពីការរៀបចំក្រុមការងារ នីតិវិធី និងបែបបទ ស្តីពីការជ្រើសរើសក្របខណ្ឌគ្រូបង្រៀនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣»
នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំកិច្ចប្រជុំពិភាក្សា «ស្តីពីការរៀបចំក្រុមការងារ នីតិវិធី និងបែបបទ ស្តីពីការជ្រើសរើសក្របខណ្ឌគ្រូបង្រៀនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣» ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងអង្គភាពជំនាញក្រសួងមុខងារសាធារណៈ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង។
បន្ទាប់ពីកិច្ចពិភាក្សា និងផ្តល់មតិយោបល់ជាធាតុចូលយ៉ាងផុសផុលរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់ប្រសាសន៍ណែនាំ និងឯកភាពលើការងាររួមមាន៖ ១).សេចក្តីព្រាង សេចក្តីសម្រេចបង្កើតគណៈកម្មការប្រឡង ២).ការជ្រើសរើសគ្រូកីឡា ៣).ការផ្តល់ជូនក្របខណ្ឌដល់បេក្ខជនប្រឡងជាប់តាមគុណវុឌ្ឍិកំរិតសិក្សានិងវិញ្ញាបនបត្រ ៤). វិញ្ញាសារប្រឡងសម្រាប់គ្រូបង្រៀនកំរិតអនុវិទ្យាល័យ បឋម មតេយ្យ និង៥).ការចុះឈ្មោះប្រឡងតាមប្រព័ន្ធអនឡាញសាលាភូមិន្ទរដ្ឋបាល។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយគុណភាព ប្រសិទ្ធភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ត្រូវប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព៕