ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពីការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងការត្រៀមរៀបចំសកម្មភាពសម្រាប់ការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល


នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួងស្តីពីការគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ និងការត្រៀមរៀបចំសកម្មភាព សម្រាប់ការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល នៅសហសាលសិក្សានៃសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ជាប្រធានមន្ទីររាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញ សរុបប្រមាណចំនួន១៤០នាក់។ គោលបំណងនៃកិច្ចប្រជុំនាពេលនះ គឺដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន និងផ្សព្វផ្សាយពីការត្រៀមរៀបចំសកម្មភាពបន្តស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសលើវិធានអាទិភាពគន្លឹះក្នុងការពង្រឹងរដ្ឋបាលសាធារណៈ។


ថ្លែងប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនដល់ថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈក្នុងមូលដ្ឋានរាជធានី-ខេត្ត អំពីគោលការណ៍របស់សម្តេចធិបតី ណែនាំឱ្យក្រសួងមុខងារសាធារណៈអនុវត្តក្នុងការងារកែទម្រង់ក្នុងវិស័យមុខងារសាធារណៈ រួមមាន៖ (១) ការកែទម្រង់ការប្រឡងជ្រើសរើសមន្រ្តីរាជការ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព (២.)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព និង(៣.)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ប្រសិទ្ធភាព និងចីរភាព។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានតម្រង់ទិសដល់អង្គប្រជុំ និងណែនាំឱ្យអង្គប្រជុំដែលជាថ្នាក់ដឹកនាំក្រសួង និងមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត បន្តគាំទ្រ និងចូលរួមឱ្យសកម្មក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ។


ស្របតាមរបៀបវារៈកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់វេទិកាដល់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ដើម្បីធ្វើការផ្សព្វផ្សាយផែនការការងារដែលបានរៀបចំសម្រាប់ការអនុវត្ត ក៏ដូចជាការងារបន្ថែមផ្សេងទៀត ជាពិសេសលើការអនុវត្តក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងជុំវិញការងារមុខងារសាធារណៈ ទាំងអាទិភាពការងារក្នុងឆ្នាំ២០២៣ និងការងារកែទម្រង់វិស័យមុខងារសាធារណៈឆ្ពោះទៅអនាគត ដែលស្របជាមួយទស្សនវិស័យ និងការណែនាំរបស់សម្តេចមហាបវរធិបតី៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១